ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុមហ៊ុន Microsoft

28-October-2015 | ដោយ មួយឡា

ភ្នំពេញ​៖ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ជួបពិភាក្សា​ការងារ​ជាមួយ គណៈប្រតិភូ​ក្រុមហ៊ុន Microsoft ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៥ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម ។

​សមាសភាព​ក្រុម​គណៈប្រតិភូ អញ្ជើញ​ចូលរួម​ក្នុងជំនួប​នោះ រួមមាន​៖ លោកស្រី Ms. Michelle Simmons នាយក​គ្រប់គ្រង​ទូទៅ ផ្នែក​ទីផ្សារ​ថ្មី លោកស្រី Astrid S. Tuminez នាយក​ទទួលបន្ទុក​កិច្ចការ​ច្បាប់ និង​កិច្ចការ​ក្រុមហ៊ុន​ប្រចាំ​តំបន់ លោកស្រី Rebecca Ho អ្នក​យុទ្ធសាស្ត្រ​កម្មវិធី​កម្មសិទ្ធិបញ្ញា នៃ​អង្គភាព​ទទួលបន្ទុក​ប​ទ​ល្មើស តាម​ប្រព័ន្ធ​ឌីជីថល និង​កិច្ចការ​ច្បាប់​ក្រុមហ៊ុន​។​

លោកស្រី Simmons បាន​ជម្រាបជូន​ឯកឧត្តម​ទេសរដ្ឋមន្ត្រី អំពី​សកម្មភាព​ថ្មីៗ​ជុំវិញ​បញ្ហា​ក្រុមហ៊ុន Microsoft​។ លោកស្រី​បាន​ចែករំលែក នូវ​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន និង​អនាគត​នៃ​សមត្ថភាព បច្ចេកវិទ្យា Cloud​។

​ជាមួយគ្នានេះ​ផងដែរ​លោកស្រី និង​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​សម្តែង​នូវ​ចំណាប់អារម្មណ៍​របស់ខ្លួន ចំពោះ​ការរួមចំណែក ដល់​ការដោះស្រាយ​បញ្ហា​កង្វល់ សុវត្ថិភាព​ប្រព័ន្ធ​បច្ចេកវិទ្យា​ទូរគមនាគមន៍ (Cyber Security) សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា និង​បាន​ស្វែងរក​កិច្ចសហប្រតិបត្តិការ តាម​ដែល​អាចធ្វើ​ទៅបាន​ជាមួយ រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​លើកកម្ពស់​ការយល់ដឹង អំពី​បច្ចេកវិទ្យា គមនាគមន៍ និង​ព័ត៌មានវិទ្យា (ICT)​។

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​សម្តែង​នូវ​ការគាំទ្រ​យ៉ាង​មុតមាំ ចំពោះ​វិស័យ​បច្ចេកវិទ្យា គមនាគមន៍ និង​ព័ត៌មានវិទ្យា​នៅ​កម្ពុជា​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​យល់ព្រម​គាំទ្រ​ក្រុមហ៊ុន Microsoft ក្នុងការ​រៀបចំ​សិក្ខាសាលា​មួយ ស្តីពី​សមត្ថភាព​និង​បច្ចេកវិទ្យា Cloud សុវត្ថិភាព និង​ផលិតភាព​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា គមនាគមន៍ និង​ព័ត៌មានវិទ្យា​៕



​ប្រភព​៖ ទំព័រ​ក្រសួងពាណិជ្ជកម្ម​

ចំនួនអ្នកទស្សនា

    20520207

  • ថ្ងៃនេះ12721
  • ម្សិលមិញ15191
  • សប្តាហ៍នេះ55871
  • ខែនេះ77751
  • ឆ្នាំនេះ77751
  • សរុប20520207