ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យក្រុមការងារនៃមជ្ឈមណ្ឌលប្រតិបត្តិការបរិស្ថានមហាអនុតំបន់មេគង្គ នៃធនាគារអភិវឌ្ឍន៍អាស៊ី ដឹកនាំដោយលោក Pavit Ramachandran ជំនាញការជាន់ខ្ពស់ផ្នែកបរិស្ថាននៃធនាគារអភិវឌ្ឍន៍អាស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវអំពីការធ្វើទំនើបកម្មស្ថាប័ននិងការងារអាទិភាពរបស់ក្រសួងបរិស្ថាន ហើយឯកឧត្តមក៏បានសម្តែងនូវអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ីតាមរយៈមជ្ឈមណ្ឌលប្រតិបត្តិការបរិស្ថានមហាអនុតំបន់មេគង្គ ដែលបាននិងកំពុងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងថវិកាដល់ក្រសួងបរិស្ថានសម្រាប់ការរៀបចំកសាងឯកសារ «យុទ្ធសាស្ត្រ និងផែនការសកម្មភាពបរិស្ថានជាតិ ឆ្នាំ២០១៦-២០២៣» ដើម្បីជាត្រីវិស័យតម្រង់ទិសក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធក្នុងការគិតគូដាក់បញ្ចូលបញ្ហាបរិស្ថានទៅក្នុងការរៀបចំ និងអនុវត្តផែនការសកម្មភាពរបស់ខ្លួន សំដៅឆ្លើយតបទៅនឹងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍន៍ដោយចីរភាព។
ឆ្លើយតបទៅនឹងសំណើររបស់ក្រសួងបរិស្ថាន មជ្ឈមណ្ឌលប្រតិបត្តិការបរិស្ថានមហាអនុតំបន់មេគង្គនៃធនាគារអភិវឌ្ឍន៍អាស៊ីនឹងជួយរៀបចំបណ្តាញប្រមូលផ្តុំទិន្នន័យនិងព័ត៌មានបរិស្ថាន របាយការណ៍ស្តីពីស្ថានភាពបរិស្ថាន និងពង្រឹងការងារព័ត៌មាននិងផ្សព្វផ្សាយបរិស្ថានបន្ថែមទៀត៕
ប្រភព៖ ទំព័រក្រសួងបរិស្ថាន