អ៊ីតាលី៖ ក្រសួងពាណិជ្ជកម្មក្នុងនាមជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ឆ្នាំ២០១៥ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ នៅទីក្រុងមីឡង់ ប្រទេសអ៊ីតាលី ក្រោមប្រធានបទ “ចិញ្ចឹមភពផែនដី ផ្តល់ថាមពល សម្រាប់ជីវិត” ដែលមានការចូលរួមពីបណ្តាប្រទេសចំនួន ១៤៥នៅលើពិភពលោក និងអង្គការអន្តរជាតិធំៗចំនួន០៣។
ប្រទេសកម្ពុជាទទួលបានការ វាយតម្លៃខ្ពស់ពីគណៈកម្មការពិព័រណ៍ពិភពលោក និងការិយាល័យពិព័រណ៍អន្តរជាតិ (BIE) ដោយទទួលជោគជ័យ យ៉ាងត្រចះត្រចង់និងជាមោទនៈភាពជាតិដែលកម្ពុជាទទួលបាននូវពានរង្វាន់ប្រាក់ លើប្រធានបទ “ដំណាំស្រូវ ដាំនៅលើដែនដីវប្បធម៌ដ៏សម្បូរបែប” ដែលកម្ពុជាជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ានទទួលបានពានរង្វាន់នេះ។
ក្នុងការរៀបចំប្រធានបទខាងលើ កម្ពុជាចង់បង្ហាញឲ្យពិភពលោកបានដឹងថា កម្ពុជាមិនត្រឹមតែជាប្រទេស ដែលសម្បូរទៅដោយសម្បត្តិវប្បធម៌ និងទំនៀមទំលាប់ប្រពៃណីដ៏ល្អផូរផង់ប៉ុណ្ណោះទេ តែក៏ជាប្រទេសដែល បានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ស្បៀងសម្រាប់ពិភពលោកទាំងមូល។
អង្ករគឺជាប្រភពដ៏សំខាន់នៅក្នុង ប្រព័ន្ធផ្គត់ផ្គង់ចំណីអាហារ និងជាស្បៀងយុទ្ធសាស្ត្ររបស់ពិភពលោក ហើយប្រហែលជាពាក់កណ្តាលនៃមនុស្ស នៅលើពិភពលោករស់នៅដោយពឹងផ្អែកលើអង្ករជាអាហារសំខាន់របស់ពួកគេ។
ប្រទេសកម្ពុជា គឺជាប្រទេសដែល មានខឿនសេដ្ឋកិច្ចជាតិពឹងផ្អែកមួយភាគធំលើវិស័យកសិកម្ម និងមានប្រជាជនភាគច្រើនលើសលប់រស់នៅទីជនបទ ប្រកបរបរកសិកម្មដើម្បីចិញ្ចឹមជីវិត។
ការលើកកម្ពស់វិស័យកសិកម្ម គឺជាចំនុចគន្លឹះមួយដ៏សំខាន់សម្រាប់កំណើន សេដ្ឋកិច្ចជាតិ ដែលក្នុងនោះដំណាំស្រូវ គឺជាដំណាំយុទ្ធសាស្ត្រ ដែលធានាបាននូវស្ថេរភាព សន្តិសុខស្បៀង បង្កើត ការងារនិងបង្កើនចំណូលគ្រួសារកសិករ។
ជាមួយនឹងការខិតខំលើកកម្ពស់វិស័យកសិកម្ម ជាពិសេសវប្បកម្មដំណាំស្រូវ កម្ពុជាមានមហិច្ឆតាចង់ឲ្យខ្លួនក្លាយជាប្រទេសនាំចេញអង្ករ សម្រាប់ផ្គត់ផ្គង់ទីផ្សារពិភពលោក ក៏ដូចជារួមចំណែកដោះស្រាយបញ្ហាសន្តិសុខស្បៀងរបស់ពិភពលោកផងដែរ៕
ប្រភព៖ ទំព័រក្រសួងពាណិជ្ជកម្ម