ឯកឧត្តម អ៊ិត សំហេង ដឹកនាំ​ប្រតិភូ​កម្ពុជា ទៅ​ប្រជុំពិភាក្សា​ការងារ នៅ​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វី​ស

05-November-2015 | ដោយ មួយឡា

​ហ្សឺ​ណែវ​៖ នៅ​ស្នាក់ការ​កណ្តាល​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) នៅ​ព្រឹក​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ (​ម៉ោង​នៅ​ហ្សឺ​ណែវ​) នាទី​ក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វី​ស ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ដឹកនាំ​ប្រតិភូ​កម្ពុជា ប្រជុំពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Guy Ryder អគ្គនាយក​អង្គការ​ពលកម្ម​អន្តរជាតិ​ខាង​ការងារ​។​

​ឯកឧត្តម​អគ្គនាយក ILO បាន​សម្តែង​ការអបអរសាទរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានដាក់​ឲ្យ​ដំណើរការ​គោលនយោបាយ​ស្តីពី​មុខរបរ​និង​ការងារ​កាលពី​ថ្ងៃទី​២២ ខែតុលា និង​ឆ្នាំ​២០១៥ កន្លងទៅនេះ​។

​ឯកឧត្តម​ក៏បាន​កោតសរសើរ និង​អបអរសាទរ​ដល់ក​ម្ពុ​ជា​ដែលមាន​យន្តការ និង​លក្ខណវិនិច្ឆ័យ​ច្បាស់លាស់​ក្នុងការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា និង​បាន​សម្របសម្រួល​ការចរចា​រ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ​២០១៦​ដល់ ១៤០​ដុល្លារ​អាមេរិក​។

​ឯកឧត្តម​អគ្គនាយក​ទទួលស្គាល់​ការលំបាក​របស់​រដ្ឋាភិបាល​ក្នុងតួនាទី​ជា​អ្នកសម្របសម្រួល​រវាង​ភាគី​២​ដែលមាន​និន្នាកា​ល​ផ្សេងគ្នា ហើយ​បាន​លើកទឹកចិត្ត​ដល់​រដ្ឋាភិបាល​ក្នុងការ​បំពេញ​តួនាទី​នេះ ព្រមទាំង​សន្យាថា​ILO នឹង​គាំទ្រ​រាល់​លទ្ធផល​នានា​ដែល​ដើរ​តាម​យន្តការ​ត្រីភាគី លក្ខណវិនិច្ឆ័យ និង​កាលវិភាគ​នៃ​ការចរចារ​គ្នា​ដែល​បាន​ឯកភាពគ្នា​កន្លងមក ក្រោម​ជំនួយ​បច្ចេកទេស​របស់​អ្នកជំនាញ​ប្រាក់​ឈ្នួល​របស់​អង្គការ ILO​។​

​ក្នុងឱកាស​នោះ​ឯកឧត្តម អ៊ិត សំហេង ក៏បាន​ថ្លែង​នូវ​អំណរគុណ​ដល់​អង្គការ ILO ដែល​បាន​ផ្តល់ជំនួយ​បច្ចេកទេស​នានា​ដល់ក​ម្ពុ​ជានា​ពេលកន្លងមក ជាពិសេស​លើ (១) បញ្ហា​ប្រាក់​ឈ្នួល​អប្បបរមា (២) គោលនយោបាយ​ជាតិ​ស្តីពី​មុខរបរ​និង​ការងារ និង (៣)​កម្មវិធី​ការងារ​ស​ម្យ​រម្យ​នៅ​កម្ពុជា​។​

​ឯកឧត្តម​ក៏បាន​អបអរសាទរ​ដល់​អង្គ​ការ ILO ដែល​ទទួលបាន​ជោគជ័យ​នៅក្នុង​ការដាក់បញ្ចូល​គោលដៅ​របស់ខ្លួន​ចូលទៅក្នុង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDG) របស់​អង្គការសហប្រជាជាតិ​។​

​ឆ្លើយតប​នឹង​សំនួរ​របស់​ឯកឧត្តម​អគ្គនាយក ILO អំពី​ការយល់ឃើញ​របស់​កម្ពុ​ជា​លើ​កម្មវិធី​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា (BFC) ឯកឧត្តម អ៊ិត សំហេង បាន​កោតសរសើរ​ចំពោះ​លទ្ធផល​ការងារ​របស់​គំរោង BFC នេះ តែ​សុំ​ឲ្យ​គំរោង BFC ធ្វើការ​កែសម្រួល​ចំនុច​មួយចំនួន​ឲ្យ​វា​អនុ​ឡោម​ទៅតាម​បទដ្ឋាន​អន្តរជាតិ​ផង និង​ច្បាប់​របស់​កម្ពុជា​ផង​។

​ទន្ទឹមនឹងនោះ ឯកឧត្តម​ក៏បាន​សុំ​ឲ្យ ILO គិត​ទៅដល់​ចំនុច​បណ្តុះបណ្តាល​ធនធាន​មនុស្ស និង​សមត្ថភាព​ដល់​មន្ត្រី​សាធារណៈ​កម្ពុជា និង​លើកកម្ពស់​គុណភាព​នៃរ​បាយ​ការណ៍​របស់​ក្រុមអធិការកិច្ច​ការងារ​កម្ពុជា ដើម្បី​កម្ពុជា​ទទួលយក​កិច្ចការ​របស់​គំរោង BFC មក​អនុត្ត​ដោយ​ខ្លួនឯង នៅពេល​វេលា​សមស្រប​ណាមួយ​នាពេល​ខាងមុខនេះ ពីព្រោះ BFC គឺ​គ្រាន់តែ​ជា​យន្តការ​បណ្តោះអាសន្ន​មួយ​ប៉ុណ្ណោះ​។​

​ឯកឧត្តម​អគ្គនាយក ILO បាន​ឯកភាព​ចំពោះ​ទស្សនៈ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​នឹង​បញ្ហា BFC នេះ ហើយ​សន្យាថា​នឹង​ត្រៀមខ្លួន​ជួយ​ដល់​កម្ពុជា​។​

​កិច្ច​ប្រជុំបាន​ប្រព្រឹត្តទៅ​ប្រកបដោយ​ស្មារតី​ស្និត​ស្នាល និង​ត្រង់​ទៅ​ត្រង់​មក​ប្រកបដោយ​ផ្លែផ្កា​វិជ្ជមាន​៕



​ប្រភព​៖ ឯកឧត្តម ហេង សួរ អ្នក​នាំពា​ក្ស​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​

ចំនួនអ្នកទស្សនា

    20524467

  • ថ្ងៃនេះ1291
  • ម្សិលមិញ15681
  • សប្តាហ៍នេះ60131
  • ខែនេះ82011
  • ឆ្នាំនេះ82011
  • សរុប20524467