ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរដ្ឋទូត​អេ​ហ្សី​ប​ប្រចាំ​កម្ពុជា​

06-November-2015 | ដោយ មួយឡា

ភ្នំពេញ​៖ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួល​ជួប​សម្តែង​ការគួរ​សមពី​សំណាក់​ឯកឧត្តម Hazem El Tahry ឯកអគ្គរដ្ឋទូត​នៃ​សាធារណៈរដ្ឋ​អារ៉ាប់​អេ​ហ្សី​ប​ប្រចាំ​កម្ពុជា នា​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ទីស្តីការ ក្រសួងពាណិជ្ជកម្ម​។​

​ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​សម្តែង​អំណរគុណ និង​ការកោតសរសើរ ចំពោះ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ដែល​បានផ្តល់​កិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​ការអញ្ជើញ​ចូលរួម​ជា​អធិបតី​របស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​នាពេល​ថ្មីៗ​នេះ នៅក្នុង​ពិធី​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់ ព្រែកជីក​ផ្លូវ​សមុទ្រ​ស៊ុយ​អេ​ថ្មី (Suez Canal) របស់​ប្រទេស​អេ​ហ្សី​ប ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ទីក្រុង Cairo ប្រទេស​អេ​ហ្សី​ប​។​

​ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​ជម្រាបជូន​ឯកឧត្តម​ទេសរដ្ឋមន្ត្រី អំពី​ការធ្វើ​ឲ្យ​ធូរស្រាល​នូវ​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​អេ​ហ្សី​ប និង​ការប្តេជ្ញា​របស់ខ្លួន​ក្នុង​ការជួយជ្រោមជ្រែង​ជំរុញ​កិច្ចសហប្រតិបត្តិការ​បន្ថែម​រវាង​កម្ពុជា និង​អេ​ហ្សី​ប​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ជម្រាបជូន ឯកឧត្តម​ឯកអគ្គរដ្ឋទូត អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួង​ពាក់ព័ន្ធ នឹង​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ការវិនិយោគ​នៅ​កម្ពុជា និង​ការត្រៀមខ្លួន​របស់​កម្ពុ​ជា​សម្រាប់​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​សម្តែង​ការកោតសរសើរ ចំពោះ​ការប្តេជ្ញា របស់​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ក្នុងការ​ធ្វើ​ឲ្យ​ប្រសើរឡើង ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ និង​បាន​មានប្រសាសន៍ថា​៖ ឯកឧត្តម រង់ចាំ​បំពេញការងារ​យ៉ាង​ជិតស្និទ្ធ ជាមួយ​ឯកអគ្គរដ្ឋទូត​អេ​ហ្សី​ប ក្នុងការ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​ប្រទេស​ទាំងពីរ​៕



​ប្រភព​៖ ទំព័រ​ក្រសួងពាណិជ្ជកម្ម​

ចំនួនអ្នកទស្សនា

    20525557

  • ថ្ងៃនេះ2381
  • ម្សិលមិញ15681
  • សប្តាហ៍នេះ61221
  • ខែនេះ83101
  • ឆ្នាំនេះ83101
  • សរុប20525557