ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ បានអញ្ជើញធ្វើបាឋកថា នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីចែករំលែកបទពិសោធក្នុងការងារដឹកនាំគ្រប់គ្រងក្រសួងស្ថាប័នរដ្ឋ ដល់សិក្ខាកាមវគ្គសុក្រិតការ ថ្នាក់ឧត្តមសេនីយន៍ វរសេនីយ៍ឯក ជំនាន់ទី១៣។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ដើម្បីធានាបាននូវប្រសិទ្ធភាពការងារគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាន ចាំបាច់ត្រូវពង្រឹងភាពជាអ្នកដឹកនាំក្នុងស្ថាប័ន តាមរយៈការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រង ការពង្រឹងក្របខ័ណ្ឌច្បាប់ ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការពង្រឹងសមត្ថភាពមន្ត្រី ជាពិសេសការលើកកម្ពស់កម្រិតជីវភាពនិងស្មារតីរបស់មន្ត្រីរាជការ។
ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ចំណុចសំខាន់នៃភាពជោគជ័យក្នុងការដឹកនាំស្ថាប័ន គឺមានភាពអាស្រ័យយ៉ាងផ្ទាល់ទៅនឹងឆន្ទៈ ភាពឈ្លាសវៃ និងគំនិតច្នៃប្រឌិតរបស់មេដឹកនាំ ក្នុងការគ្រប់គ្រងតម្រង់ទិស និងការប្រែក្លាយកម្លាំងមហាជនឱ្យទៅជាកម្លាំងកសាង ការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ ប្រកបដោយសនិទានភាព ស្របតាមចក្ខុវិស័យនិងបេសកកម្មរបស់ស្ថាប័ន ឆ្លើយតបទៅនឹងតម្រូវការចំពោះមុខនិងស្ថានភាពជាក់ស្តែងនៃសង្គមជាតិ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត៕
ប្រភព៖ ទំព័រក្រសួងបរិស្ថាន