ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា តែងតែធ្វើសកម្មភាពមនុស្សធម៌នានា ដើម្បី រៃអង្គាសថវិការមកជួយឧបត្ថម្ភអង្គការតារាម៉ាណា ដែលបានចិញ្ចឹម និងបង្ហាត់បង្រៀន កុមារកំព្រានិងកុមារកូនចៅប្រជាពលរដ្ឋ ក្រីក្រដើម្បីឲ្យពួកគេមានឱកាសបានរៀនសូត្រ អក្សរខ្មែរ បានសិក្សាភាសាអង់គ្លេស និងភាសាបារាំងបន្ថែមទៀត។
ជាក់ស្តែង នារសៀលថ្ងៃទី១០ ខែវិច្ឆិកានេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំ គណៈប្រតិភូយកថវិកាមកឧបត្ថម្ភដល់អង្គការតារាម៉ាណា ស្ថិតនៅសង្កាត់បឹងសាឡាង ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធាសហភាពសហព័ន្ធយុវជនកម្ពុជា បាននាំយកថវិកាចំនួន ២០,០០០ដុល្លារ និងប្រាក់រៀល ចំនួន ២៥,០០០,០០០រៀល ដែលបានមកពីការ បរិច្ចាកពីសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា និងសប្បុរសជនចូលរួមបរិច្ចាកឧបត្ថម្ភ។
នៅក្នុងឱកាសផ្តល់ថវិកានោះដែរ ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍បញ្ជាក់ថា ថវិកាដែល សហភាពសហព័ន្ធយុវជនកម្ពុជាយកមកជួយឧបត្ថម្ភដល់អង្គការតារ៉ាម៉ាណានៅពេលនេះគឺបានមកពីការចូលរួម របស់សប្បុរសជននៅក្នុង និងក្រៅប្រទេសនិងការបរិច្ចាកពីសំណាក់ សមាជិក សមាជិកានៃសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីជួយកុមារា កុមារី ក្នុងការទទួលបានឱកាសរៀនសូត្រ។
ឯកឧត្តម មានប្រសាសន៍បន្តថា ថវិកាទាំងនេះ កើតចេញពីសន្តានចិត្ត បេះដូងនិងឆន្ទៈចូលរួមអភិវឌ្ឍសង្គមជាតិ។ ការអភិវឌ្ឍកុមារ និងយុវជន មានសារៈសំខាន់ណាស់ដើម្បីឲ្យពួកគេក្លាយជាធនធានមនុស្សមានសមត្ថភាពចំណេះដឹងក្លាយជាសរសរទ្រូងរឹងមាំរបស់ប្រទេសជាតិនៅពេលអនាគត និងក៏ជាការចូលរួមអភិវឌ្ឍធនធានមនុស្ស ជាមួយរាជរដ្ឋាភិបាលផងដែរ។
សូមបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា បានរៃអង្គាសថវិកាមកជួយឧបត្ថម្ភដល់ អង្គការតារាម៉ាណាចំនួន៣លើកមកហើយ និងនៅបន្តរៃអង្គាសថវិកាមកជួយនៅពេល ក្រោយៗទៀត៕
ប្រភព៖ ទំព័រ សសយក