ត្បូងឃ្មុំ៖ ការយកចិត្តទុកដាក់ដល់សុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធដែលកំពុងបំពេញភារកិច្ច ជូនជាតិនិងប្រជាពលរដ្ឋ ជាអ្វីដែលប្រមុខរាជរដ្ឋាភិបាលបានធ្វើជាប់ជាប្រចាំ។
នៅថ្ងៃទី១០ ខែវិច្ឆកា ឆ្នាំ២០១៥ ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេដោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចុះសាកសួរសុខទុក្ខ កងទ័ព កងនគរបាល និងកងរាជអាវុធហត្ថ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម និង កម្ពុជា-ឡាវ ព្រមទាំងថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រយោធភូមិភាគពិសេស ទី១ ទី២ និងទី៣។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ព្រមទាំងបាននាំយកទៅជាមួយនូវអាវរងាដែលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនដល់បងប្អូនកងកំលាំងសំរាប់ប្រើប្រាស់នៅរដូវរងានេះផងដែរ។
ឯកឧត្តម ក៏បានមានមតិសំណេះសំណាល និងសូមថ្លែងអំណរគុណនូវវត្តមានរបស់ អភិបាលខេត្ត អភិបាលរងខេត្ត ស្នងការនគរបាលខេត្តត្បូងឃ្មុំ មេបញ្ជារការ មេបញ្ជារការរង នាយ នាយរងកងយុទ្ធពលខេមរៈភូមិន្ទ និងកម្លាំងកងរាជអាវុធហត្ថទាំងអស់ ។
សម្ដេច និងលោកជំទាវ តែងតែយកចិត្តទុកដាក់ និងគិតគូរដល់កងកម្លាំងគ្រប់ពេលវេលា ដូចដែលយើងឃើញស្រាប់ហើយ ខែភ្លៀងកន្លងទៅ ក៏បានចែកជូនអាវភ្លៀងរាប់ពាន់អាវ រហូតដល់ខែរងារពេលនេះ ក៏មានចែកជូនអាវរងាររាប់ពាន់អាវទៀត ហើយចំណែកឯបៀវដ្តន៍មន្ត្រីរាជការ ក៏បានឡើងបន្ដិចម្ដងៗតាមជំហ៊ានផងដែរ។ ចំណែកឯប្រទេសជាតិ ក៏មានការរីកចំរើន និងអភិវឌ្ឍឥតឈប់ឈរ មិនថាឡើយសាលារៀន វត្តអារាម ផ្លូវថ្នល់ មន្ទីរពេទ្យនោះទេ។
ជាចុងក្រោយ ឯកឧត្តមក៏បានផ្ដាំផ្ញើរបងប្អូនកងកម្លាំងទាំង៣ប្រភេទ ត្រូវគោរពវិន័យជាកងកម្លាំងឲ្យបានខ្ចប់ខ្ជូនជាគំរូរបស់ ប្រជាពលរដ្ឋ៕