កិច្ចប្រជុំ​ពាក់កណ្តាល​ឆ្នាំ​លើក​ទី​១០ នៃ​កម្មវិធី​បរិស្ថាន​ស្នូល​មហា​អនុតំបន់​មេគង្គ​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី​

12-November-2015 | ដោយ មួយឡា

​ថៃ​៖ នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៥ គណៈប្រតិភូ​មកពី​បណ្តា​ប្រទេស​ក្នុង​មហា​អនុតំបន់​មេគង្គ រួមមាន កម្ពុជា ចិន ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពាក់កណ្តាល​ឆ្នាំ​លើក​ទី​១០ នៃ​កម្មវិធី​បរិស្ថាន​ស្នូល​មហា​អនុតំបន់​មេគង្គ​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី ដែល​បាននិងកំពុង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ឈាង​ម៉ៃ​នៃ​ប្រទេស​ថៃ ចាប់ពី​ថ្ងៃទី​១១-១២ ខែវិច្ឆិកា ឆ្នាំ​២០១៥​។

​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ផងដែរ រួមមាន តំណាង​ធនាគារអភិវឌ្ឍន៍អាស៊ី តំណាង​ប្រទេស​ស៊ុយអែដ (​តំណាងឱ្យ​ដៃគូ​អភិវឌ្ឍន៍​) និង​ទីប្រឹក្សា ជំនាញការ និង​បុគ្គលិក​ម​ពី​មជ្ឈមណ្ឌល​ប្រតិបត្តិការ​បរិ​សា្ថ​ន​មហា​អនុតំបន់​មេគង្គ​។

​គោលបំណង​សំខាន់​នៃ​កិច្ចប្រជុំ​នេះ គឺ​ដើម្បី​បូកសរុប​លទ្ធផល​ការងារ ដែល​សម្រេចបាន​ក្នុង​ឆ្នាំ​២០១៥ និង​ពិនិត្យ​ពិភាក្សា​លើ​អាទិភាព​ការងារ បញ្ហា​ប្រឈម និង​ឱកាស​នានា ដែល​ត្រូវអនុវត្ត​និង​ដោះស្រាយ​ក្នុង​ឆ្នាំ​២០១៦​។

​សម្រាប់​កម្ពុជា តាមរយៈ​ការគាំទ្រ​ពី​កម្មវិធី​បរិស្ថាន​ស្នូល​មហា​អនុតំបន់​មេគង្គ ក្នុង​ឆ្នាំ​២០១៥​នេះ ក្រសួងបរិស្ថាន​បាននិងកំពុង​ចាប់ផ្តើម​អនុវត្ត​សកម្មភាព​សំខាន់ៗ​មួយចំនួន ដូចជា រៀបចំ​ឯកសារ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​បរិស្ថាន​ជាតិ​ឆ្នាំ​២០១៦-២០២៣ ការរៀបចំ​បង្កើត​ប្រព័ន្ធ​ព័ត៌មាន​និង​ទិន្នន័យ​បរិស្ថាន ការរៀបចំ​របាយការណ៍​ស្តីពី​ស្ថានភាព​បរិស្ថាន​នៅ​កម្ពុជា ការរៀបចំ​យុទ្ធសាស្ត្រ​សម្រាប់​ការងារ​ផ្សព្វផ្សាយ​បរិស្ថាន ការរៀបចំ​ប្រព័ន្ធ​តាមដាន​វាយតម្លៃ​ការបំពុល​បរិស្ថាន​ពី​ផ្នែក​ឧស្សាហកម្ម ការបណ្តុះបណ្តាល​មន្ត្រី​បរិស្ថាន​ថ្នាក់ក្រោម​ជាតិ​ស្តីពី​ការត្រួតពិនិត្យ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​សម្រាប់​គ​ម្រោ​ង​វិនិយោគ​ក្នុងស្រុក ការបណ្តុះបណ្តាល​គ្រូ​បង្គោល​សម្រាប់​ការងារ​ប្រែប្រួល​អាកាសធាតុ​។​ល​។

​កិច្ចការ​ទាំងនេះ​នឹងត្រូវ​បន្ត​អនុវត្ត​យ៉ាង​មមាញឹក​និង​សម្រេចបាន​លទ្ធផល​ជា​ផ្លែផ្កា​ក្នុង​ឆ្នាំ​២០១៦ ដោយ​ទាមទារ​ឱ្យមាន​ការចូលរួម​ពី​ក្រសួង ស្ថាប័ន ដៃគូ​អភិវឌ្ឍន៍ សង្គម​ស៊ីវិល និង​ផ្នែក​ឯកជន​ពាក់ព័ន្ធ​ផងដែរ​៕

​ប្រភព​៖ ទំព័រ​ក្រសួងបរិស្ថាន​

ចំនួនអ្នកទស្សនា

    20529347

  • ថ្ងៃនេះ6171
  • ម្សិលមិញ15681
  • សប្តាហ៍នេះ65011
  • ខែនេះ86891
  • ឆ្នាំនេះ86891
  • សរុប20529347