កំពង់ធំ៖ នៅថៃ្ងទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញចែកសញ្ញាបត្រកំព្យូទ័រដល់សិស្សានុសិស្ស ចំនួន ៨៧នាក់នៅមណ្ឌលអភិវឌ្ឍន៍ ហ៊ុន សែន ទី៥ ស្ថិតក្នុងឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
បន្ទាប់ពីបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលមូលដ្ឋានគ្រិះរបស់កុំព្យូទ័ររយៈពេល៣ខែ សិស្សានុសិស្សដែលទទួលបានវិញ្ញាបនប័ត្រនៅពេលនេះ ជាសិក្ខាកាមជំនាន់ទី១៨ នៃវគ្គបណ្ដុះបណ្ដាលកុំព្យូទ័រ និងបន្តទៅវគ្គថ្មី (វគ្គទី១៩) ខណៈដែលវគ្គបណ្ដុះបណ្ដាលកុំព្យូទ័រទាំង១៨វគ្គ មានសិស្សានុសិស្សចូលរួមប្រមាណ ៥៦៩នាក់ក្នុងនោះ សិស្សស្រី៣០១នាក់ ក្រោមការឧបត្ថម្ភពីឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារចុះជួយស្រុកបារាយណ៍។
ឆ្លៀតក្នុងឱកាសនេះ សិស្សានុសិស្សដែលទទួលបានវិញ្ញាបនប័ត្រនាពេលនេះបានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារដែលបានយកចិត្តទុកដាក់ឧបត្ថម្ភដល់ វគ្គបណ្ដុះបណ្ដាលជាបន្តបន្ទាប់។
សិស្សានុសិស្សដែលបានបញ្ជប់វគ្គសិក្សានេះ សន្យាថានឹងយកចំណេះដឹងដែលទទួលបានទៅប្រើប្រាស់ដើម្បីជាប្រយោជន៍សម្រាប់ជីវភាពផ្ទាល់ខ្លួន និងគ្រួសារ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសផងដែរ ៕
ប្រភព៖ ទំព័រក្រសួងទេសចរណ៍