សៀមរាប៖ នៅថ្ងៃទី១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ មានរៀបចំកិច្ចប្រជុំអនុគណៈកម្មាធិការបច្ចេកទេសជាតិគ្រប់គ្រងជីវៈចម្រុះលើកទី៤ សម្រាប់អនុវត្ត គម្រោងស្តីពី “ការបំបាត់ភាពរាំងស្ទះដល់ការគ្រប់គ្រងប្រភេទទន្ទ្រានរាតត្បាតលើកិច្ចការពារ-អភិរក្ស និងផលិតកម្មព្រៃឈើក្នុងតំបន់អាស៊ីអាគ្នេយ៍ (FORIS)” ដែលប្រារព្ធពិធីបើកក្រោមអធិបតីភាព ឯកឧត្តម យិន គិមស៊ាន រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានអនុគណៈកម្មាធិការបច្ចេកទេសជាតិគ្រប់គ្រង ជីវៈចម្រុះ និងមានការអញ្ជើញចូលរួមពី សមាជិកនៃអនុគណៈកម្មាធិការបច្ចេកទេសជាតិគ្រប់គ្រង ជីវៈចម្រុះសរុបចំនួន១២រូប។
កិច្ចប្រជុំនេះរៀបចំឡើងដោយនាយកដ្ឋានជីវៈចម្រុះ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយ ចីរភាព នៃក្រសួងបរិស្ថាន សហការជាមួយគម្រោង FORIS ក្រោមការឧបត្ថម្ភពីមូលនិធិបរិស្ថានពិភពលោក(GEF) តាមរយៈកម្មវិធីបរិស្ថានសហប្រជាជាតិ(UNEP) គ្រាដែលកិច្ចប្រជុំនេះធ្វើឡើងក្នុង គោលបំណងដើម្បីពិនិត្យពិភាក្សាលើលទ្ធផលការងារ និងវឌ្ឍនភាពរបស់គម្រោងសម្រេចបានពីឆ្នាំ២០១២ ដល់២០១៥ ។
ផែនការសកម្មភាព និងទិសដៅបន្តដើម្បីបញ្ចប់គម្រោងក្នុងដើមឆ្នាំ២០១៦ អនុម័តលើផែនការយុទ្ធសាស្ត្រជាតិសម្រាប់ការគ្រប់គ្រងប្រភេទទន្ទ្រានរាតត្បាត (NISSAP) និងនិរន្តរភាពនៃការ គ្រប់គ្រងប្រភេទរាតត្បាត និងការចូលរួមរបស់ភាគីពាក់ព័ន្ធក្នុងការបន្តគ្រប់គ្រងប្រភេទទន្ទ្រានរាតត្បាតក្នុងប្រទេសកម្ពុជា បន្ទាប់ពីគម្រោង FORIS នឹងបញ្ចប់នៅដើមឆ្នាំ២០១៦ខាងមុននេះ។
ជាលទ្ធផលកិច្ចប្រជុំបានអនុម័តលើផែនការយុទ្ធសាស្ត្រជាតិ សម្រាប់ការគ្រប់គ្រងប្រភេទទន្ទ្រាន រាតត្បាត (NISSAP) និងឯកភាពលើផែនការសកម្មភាពនិងទិសដៅបន្តក្នុងការបញ្ចប់គម្រោងនៅដើម ឆ្នាំ២០១៦។
ជាមួយគ្នានេះដែរកិច្ចប្រជុំក៏បានស្នើស្ថាប័នពាក់ព័ន្ធ ជាពិសេសអនុគណៈកម្មាធិការ បច្ចេកទេសជាតិគ្រប់គ្រងជីវៈចម្រុះ បន្តចូលរួមក្នុងការគ្រប់គ្រងប្រភេទទន្ទ្រានរាតត្បាតក្នុងប្រទេសកម្ពុជា ទោះជាគម្រោង FORIS នឹងត្រូវបញ្ចប់នៅដើមឆ្នាំ២០១៦ខាងមុខនេះក៏ដោយ៕
ប្រភព៖ ទំព័រក្រសួងបរិស្ថាន