ដាណាង៖ ទីក្រុងដាណាងនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា ដែលរួមមានក្រសួងបរិស្ថាន ក្រសួងពាក់ព័ន្ធ និងអាជ្ញាធរខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជា បានអញ្ជើញចូលរួមសមាជឆ្នាំ២០១៥ នៃសមុទ្រអាស៊ីខាងកើតក្រោមប្រធានបទ “គោលដៅសកលសម្រាប់ផលប្រយោជន៍សហគមន៍” ដោយមានអ្នកចូលរួមពីថ្នាក់ ដឹកនាំរដ្ឋាភិបាលទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អ្នកវិទ្យាសាស្ត្រ អ្នកជំនាញការ ប្រធានគ្រប់គ្រង និងភាគីពាក់ព័ន្ធនានាសរុប ចំនួនជាង៧០០ នាក់។
សមាជនេះ នឹងប្រារព្វឡើងរយៈពេល៥ ថ្ងៃ ដើម្បីពិនិត្យនិងពិភាក្សាលើ (១)សមិទ្ធិផលសម្រេចបានក្នុងរយៈពេល១០ឆ្នាំ មេរៀនបទពិសោធន៍ និងបញ្ហាប្រឈមនានានៃសមុទ្រអាស៊ីខាងកើត (២)ការបង្កើនល្បឿនសកម្មភាពនៃការអនុ វត្តដោយចីរភាពនិងការប្រែប្រួលអាកាសធាតុ និង(៣)ការប្រែក្លាយចក្ខុវិស័យទៅជាសកម្មភាពអនុវត្តជាក់ស្តែងដោយបន្ស៊ី របៀបវារៈសកលទៅជាផលប្រយោជន៍សហគមន៍។
នៅក្នុងសមាជនេះ ក៏មានបឋកថាគន្លឹះ វេទិកាថ្នាក់រដ្ឋមន្ត្រី កិច្ចប្រជុំប្រចាំឆ្នាំ និងសិក្ខាសាលាមួយចំនួន ដែលផ្តោតសំខាន់ទៅលើប្រធានបទនៃការអភិវឌ្ឍដោយចីរភាពសមុទ្រអាស៊ីខាងកើតផងដែរ៕
ប្រភព៖ ទំព័រក្រសួងបរិស្ថាន