ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនផលិតភាពយន្តAMASIA។ គណៈប្រតិភូដែលបានចូលរួមក្នុងជំនួបនោះ ត្រូវបានដឹកនាំដោយលោក Michael Helfant មន្ត្រីនាយកប្រតិបត្តិ និងមន្ត្រីមួយចំនួនផ្សេងទៀតរួមមាន៖ លោក Bradly Gallo ប្រធានទទួលកិច្ចការច្នៃបង្កើត និងលោក Steven A. Heimberg មេធាវីនៃគណៈមេធាវី Heimberg។
លោក Helfant បានសម្តែងនូវការកោតសរសើររបស់ខ្លួនចំពោះឯកឧត្តមទេសរដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងបានពិភាក្សាអំពីគោលបំណងរបស់ខ្លួនក្នុងការពិនិត្យមើលពីឱកាសនៃការធ្វើពាណិជ្ជកម្ម ដើម្បីពង្រីកវិស័យឧស្សាហកម្មសិល្បៈកំសាន្តនៅកម្ពុជា ។ លោក Helfant មានចំណាប់អារម្មណ៍ក្នុងការបង្កើតវិទ្យាស្ថានភាពយន្តកម្ពុជាមួយ ដើម្បីផ្ទេរចំណេះដឹង ចំណេះធ្វើ និងជំនាញទៅឲ្យប្រជាជនកម្ពុជា ដែលចាប់អារម្មណ៍លើវិស័យឧស្សាហកម្មភាពយន្តនេះ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងការគាំទ្រយ៉ាងមុតមាំរបស់ខ្លួនចំពោះគណៈប្រតិភូក្រុមហ៊ុន ដែលបានបង្ហាញនូវគំនិតផ្តួចផ្តើមនិងទស្សនៈវិស័យរបស់ខ្លួនបែបនេះ ហើយឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ ការបង្កើតស្ថាប័នមួយបែបនេះជាការត្រួសត្រាយផ្លូវមួយសម្រាប់កម្ពុជា ដើម្បីជួយកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនឡើងវិញនៅលើឆាកអន្តរជាតិ។
ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានសម្តែងនូវការប្តេជ្ញាយ៉ាងមុតមាំរបស់ខ្លួនក្នុងការជួយគាំទ្រនិងសម្របសម្រួលដល់តម្រូវការចាំបាច់របស់ក្រុមហ៊ុន ក្នុងការវិនិយោគនៅកម្ពុជា៕
ប្រភព៖ ទំព័រក្រសួងពាណិជ្ជកម្ម