ភ្នំពេញ៖ នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅវិមានសន្ដិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរកីឡាការិនី កែ ឡេង ជម្រើសជាតិប្រភេទកីឡាប៉េតង់ ទទួលបានមេដាយមាសក្នុងការប្រកួតជើងឯកកីឡាប៉េតង់នារីពិភពលោក លើកទី១៥ កាលពីរាត្រីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅថ្មីៗនេះ នៅព្រះរាជាណចក្រថៃ។
ថ្លែងក្នុងពិធីអបអរសាទរនេះ សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍សរសើរ និងលើកទឹកចិត្តដល់កីឡាករ កីឡាការិនីជម្រើសជាតិទូទាំងប្រទេសដែលខំប្រឹងប្រែង ដើម្បីដណ្ដើមកិត្តិយស និងមេដាយជូនប្រទេសជាតិជាបន្តបន្ទាប់ ជាពិសេសលោកស្រី កែ ឡេង ដែលបានខិតខំប្រឹងប្រែងក្នុងការប្រកួតរហូតទទួលបាននូវមេដាយមាសលំដាប់ពិភពលោកជាប់ៗគ្នា។
ក្នុងឱកាសនេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានបំពាក់នូវគ្រឿងឥស្សរិយយសថ្នាក់ជាតិ និងផ្តល់នូវប្រាក់រង្វាន់លើកទឹកចិត្តមួយចំនួន ជូនដល់កីឡាការិនី កែ ឡេង ក៏ដូចជាលោកគ្រូបង្វឹកផងដែរ៕
ប្រភព៖ ទំព័រក្រសួងអប់រំ យុវជន និងកីឡា