ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យលោក Stephen Lillie ប្រធាននាយកដ្ឋានតំបន់អាស៊ីប៉ាស៊ីហ្វិកនៃចក្រភពអង់គ្លេស ឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការស្វាគមន៍ដល់ការយកចិត្តទុកដាក់របស់អង់គ្លេសក្នុងការពង្រឹងភាពជាដៃគូនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយបានថ្លែងអំណរគុណដល់ប្រទេសអង់គ្លេស តាមរយៈស្ថានទូត ដែលបានជួយដល់កម្ពុជាក្នុងការរៀបចំរបាយកាណ៍ INDC សម្រាប់ដាក់ជូនអង្គការអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិពីការប្រែប្រួលអាកាសធាតុ ដែលជាឯកសារមួយបញ្ជាក់ពីជំហរកម្ពុជាក្នុងការរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុជាសកល។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនលោកប្រធាន អំពីវឌ្ឍនភាព និងសមិទ្ធផលនានាដែលក្រសួងបរិស្ថានសម្រេចបាននាពេលកន្លងមក។
លោក Stephen Lillie បានបញ្ជាក់ពីជំហរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង់គ្លេស និងកម្ពុជា ដើម្បីរួមចំណែកដល់កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព៕
ប្រភព៖ ទំព័រក្រសួងបរិស្ថាន