ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ចេញ​សារាចរ​ហាម​មិនឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​លក់​ឬ​ជួល​ដីស្រែ​ដីចំការ ឬ​លំនៅឋាន​ទៅឱ្យ​ប្រជាពលរដ្ឋ​នៃ​ប្រទេសជិតខាង​

19-November-2015 | ដោយ ពល រាជសី

​ភ្នំពេញ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានចេញ​សារាចរ​មួយ ធ្វើ​ការហាម​ប្រជាពលរដ្ឋ​ខ្មែរ​មិនឱ្យ​លក់​ឬ​ជួល​ដីស្រែ ឬ ដីចំការ ឬ​ដី​លំនៅឋាន របស់ខ្លួន​នៅតាម​តំបន់​ព្រំដែន ឱ្យទៅ​ប្រជាពលរដ្ឋ​នៃ​ប្រទេសជិតខាង​នោះទេ​។​
​ក្នុង​សារាចរ​ដែល​ចុះហត្ថលេខា​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា នាពេល​កន្លងមកនេះ មាន​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន បាន​ជួល​ដីស្រែ​ចំការ ឬ​ដី​លំនៅឋាន របស់ខ្លួន​នៅតាម​តំបន់​ព្រំដែន ឱ្យទៅ​ប្រជាពលរដ្ឋ​នៃ​ប្រទេសជិតខាង​ដូចជា វៀតណាម ឡាវ និង​ថៃ ដើម្បី​បង្កបង្កើនផល ឬ​ប្រកប​អាជីវកម្ម​ផ្សេងៗ​។​ល​។

​ការជួល​ដី​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងនេះ មាន​ករណីខ្លះ​ពុំមាន​រៀបចំ​ឯកសារ​គតិយុត្តិ ឬ​កិច្ចសន្យាជួល​ឱ្យបាន​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​ឡើយ ដែលជា​ហេតុ​ធ្វើឱ្យ​ម្ចាស់​ដី​ជា​ជនជាតិខ្មែរ​បាត់បង់​នូវ​ផលប្រយោជន៍ នៅពេល​មាន​វិវាទ​កើតមានឡើង​។​

​ម្យ៉ាងវិញទៀត​នៅ​តំបន់​ព្រំដែន​ដែល​ពុំទាន់​បានកំណត់​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​ផ្លូវការ​រួចរាល់​ជា​ស្ថាពរ ការជួល​ដី​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទៅឱ្យ​ប្រជាពលរដ្ឋ​នៃ ប្រទេសជិតខាង បាន​បង្កឱ្យមាន​ភាពស្មុគស្មាញ​ដល់​កិច្ចការ​របស់​គណៈកម្មាធិកា​រ​ចម្រុះ​កិច្ចការ​ព្រំដែន​ក្នុងការ​អនុវត្ត​ការងារ​របស់ខ្លួន​។​
​ដើម្បី​រក្សា​ការពារ​នូវ​សិទ្ធិ​កាន់កាប់​ដីធ្លី និង​ផលប្រយោជន៍​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ​ខ្មែរ ក៏ដូចជា​ការជួយ​ជំរុញ​និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​នៅតាម​តំបន់​ព្រំដែន ព្រមទាំង​ជួយ​សម្រួល​ដល់​ការងារ​កំណត់​ខណ្ឌសីមា និង​បង្គោល​ព្រំដែន​ជាមួយ​ប្រទេសជិតខាង សំដៅ​រក្សា​ការពារ​ឱ្យបាន​នូវ​បូរណភាព​ទឹកដី និង​អធិតេយ្យភាព​ជាតិ រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​វិធានការ​មួយចំនួន ដែល​ក្នុងនោះ​រួ​មាន​៖ ហាម​ប្រជាពលរដ្ឋ​ខ្មែរ​មិនឱ្យ​លក់ ឬ​ជួល​ដីស្រែ​ដីចំការ ឬ​ដី​លំនៅឋាន​នៅតាម​តំបន់​ព្រំដែន ឱ្យទៅ​ប្រជាពលរដ្ឋ​នៃ​ប្រទេសជិតខាង ទោះបី​ក្នុង​រូបភាព​ណាក៏ដោយ​។ ក្នុងករណី​ដែលមាន​ការជួល​ដី​រួចហើយ តែ​ពុំមាន​ឯកសារ​គតិយុត្តិ ឬ​កិច្ចសន្យា​ត្រឹមត្រូវ អភិបាលខេត្ត​ត្រូវ​ចាត់ចែង​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែ​បញ្ឈប់​លែងឱ្យ​មានការ​ជួល​ដី​នោះ ឱ្យទៅ​ប្រជាពលរដ្ឋ​នៃ​ប្រទេសជិតខាង​តទៅទៀត ដោយ​ដាក់​ឱសានវាទ​ក្នុង​រយៈពេល​កំណត់​មួយ​ជាក់លាក់ ស្របតាម​ស្ថានភាព​ជាក់ស្ដែង​។​

​ក្នុងករណី​ដែលមាន​ការជួល​ដី​រួចហើយ តែមាន​ឯកសារ​គតិយុត្តិ ឬ​កិច្ចសន្យា​ត្រឹមត្រូវ ការជួល​ដី​នោះ​អាច​បន្ត​រហូតដល់​អស់​សុពលភាព​។ បន្ទាប់ពី​បញ្ចប់​សុពលភាព ហាម​មិនឱ្យ​ជួល​ដី​នោះ​បន្ត​ទៅឱ្យ​ប្រជាពលរដ្ឋ​នៃ​ប្រទេសជិតខាង​ទៀតឡើយ​។ អភិបាលខេត្ត​ត្រូវ​ចាត់​ឱ្យមាន​ការពិនិត្យ​ឯកសារ ឬ​កិច្ចសន្យា​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ជួល​ដី​នៅតាម​តំបន់​ព្រំដែន ឱ្យទៅ​ប្រជាពលរដ្ឋ​នៃ​ប្រទេសជិតខាង​នាពេល​កន្លងមក ដើម្បី​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ អនុវត្តន៍​តាម​ស្មារតី​ចំណុច​ទី​២ និង​ចំណុច​ទី​៣​ខាងលើ​។ ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ពាក់ព័ន្ធ​ត្រូវដាក់​ចេញ​នូវ​វិធានការ និង​យុទ្ធសាស្ត្រ​សមស្រប ដើម្បី​ជួយ​ជំរុញ​ការងារ​បង្កបង្កើនផល និង​ការដាំដុះ​ដំណាំ​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​នៅតាម​តំបន់​ព្រំដែន ដែលជា​ការរួមចំណែក​ដល់​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​ជួយ​ទប់ស្កាត់​មិនឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជួល​ដី​ឱ្យទៅ​ប្រជាពលរដ្ឋ​នៃ​ប្រទេសជិតខាង​។​

​ទទួលបាន​សារាចរ​នេះ គ្រប់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់​ដែលជា​ប់​ព្រំដែន មន្ទីរ និង​អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត​ដែលជា​ប់​ព្រំដែន ត្រូវ​ចាត់ចែង​អនុវត្តន៍​ឱ្យមាន​ប្រសិទ្ធភាព និង​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕​

ចំនួនអ្នកទស្សនា

    20537497

  • ថ្ងៃនេះ14321
  • ម្សិលមិញ15681
  • សប្តាហ៍នេះ73161
  • ខែនេះ95041
  • ឆ្នាំនេះ95041
  • សរុប20537497