ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រសួងបរិស្ថាន និងក្រសួងព័ត៌មាន បានសហការរួមគ្នារៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពីប្រព័ន្ធផ្សព្វ ផ្សាយ និងការប្រែប្រួលអាកាសធាតុ ទៅកាន់អ្នកសារព័ត៌មានអាជីពសរុបប្រមាណ៦៦នាក់ ដែលមានតួនាទីជាអ្នករាយការណ៍ព័ត៌មាន និងអ្នកកែសម្រួលអត្ថបទមកពីបណ្តាទូរទស្សន៍ វិទ្យុ និងកាសែតនៅថ្នាក់ជាតិ និងក្រោមជាតិ ដើម្បីលើកកម្ពស់ការយល់ដឹង និងចូលរួមធើ្វសេចក្តីរាយការណ៍ពាក់ព័ន្ធនឹងបញ្ហាប្រែប្រួលអាកាសធាតុឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងទាន់ពេល។
ជាងនេះទៅទៀត អ្នកនាំពាក្យរបស់បណ្តាក្រសួងស្ថាប័នរដ្ឋចំនួន ៨ ក៏ត្រូវបានអញ្ជើញចូលរួមនៅក្នុងសិក្ខាសាលានេះ រួមមាន ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកិច្ចការនារី ក្រសួងសុខាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ឯកឧត្តមបណ្ឌិត យិន គឹមស៊ាន រដ្ឋលេខាធិកាក្រសួងបរិស្ថាន បានកត់សម្គាល់អំពីតម្រូវការចាំបាច់នៃការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ សម្រាប់កាត់បន្ថយផលប៉ះពាល់មកលើប្រជាជន និងសេដ្ឋកិច្ចជាតិ។ ហេតុនេះប្រព័ន្ធសារព័ត៌មាន កំពុងដើរតួនាទីយ៉ាងសំខាន់ចូលរួមបង្កើនការយល់ដឹងរបស់សាធារណៈ ឱ្យចូលរួមក្នុងសកម្មភាពឆ្លើយតប និងចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព។
ជាកិច្ចឆ្លើយតប ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្តែងការគាំទ្រពេញទំហឹងចំពោះកិច្ចសហការរវាងក្រសួងទាំងពីរ ព្រមទាំងតួនាទីចាំបាច់របស់ប្រព័ន្ធសារព័ត៌មាន ដែលក្រសួងព័ត៌មានបានចូលរួមយ៉ាងសកម្មក្នុងការរៀបចំ ផែនការសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសម្រាប់២០១៥-២០១៨ ដែលបាន និងកំពុងអនុវត្ត។
មន្ត្រីជំនាញប្រែប្រួលអាកាសធាតុមកពីនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងមន្ត្រីជំនាញសារព័ត៌មាននៃក្រសួងព័ត៌មាន បានធ្វើបទបង្ហាញគន្លឹះដែលទាក់ទងនឹង ១) ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុមកលើការអភិវឌ្ឍនៅកម្ពុជា ២) តួនាទីរបស់អ្នកសារព័ត៌មានលើបញ្ហាប្រែប្រួលអាកាសធាតុ ៣) ប្រភពនៃការទទួលបានចំណេះដឹងការប្រែប្រួលអាកាសធាតុ ៤) សន្និសីទសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ បណ្តាភាគីលើកទី២១ និងការចូលរួមចំណែករបស់កម្ពុជាក្នុងការអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ៥) ការចែករំលែកបទពិសោធន៍នៃការសរសេរព័ត៌មានការប្រែប្រួលអាកាសធាតុ និង ៦) ហិរញ្ញវត្ថុប្រែប្រួលអាកាសធាតុ៕
ប្រភព៖ គេហទំព័រក្រសួងបរិស្ថាន