ដាណាង៖ សមាជឆ្នាំ២០១៥ នៃសមុទ្រអាស៊ីបូព៌ា (The East Asian Seas Congress) បានបញ្ចាប់នៅព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥នៅទីក្រុង ដាណាង សាធារណរដ្ឋប្រជាមានិតវៀតណាម ក្រោយពីសិក្ខាសាលាចំនួន ៩ កិច្ចប្រជុំដោយឡែកចំនួន ៧ និងវេទិកាយុវជនចំនួន១ បានប្រព្រឹត្តទៅអស់រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ ១៩ ខែវិច្ជិកា ឆ្នាំ២០១៥ ដើម្បីរួមគ្នាពិភាក្សាអំពីបញ្ហាប្រឈម និងការគ្រប់គ្រងតំបន់ឆ្នេរ សម្រាប់ការអភិវឌ្ឍន៍ដោយចីរភាព។
ប្រតិភូកម្ពុជាដែលអញ្ជើញមកពីក្រសួងបរិស្ថាន ក្រសួងសាធារណៈការ និងដឹកជញ្ជូន ស្ថាប័នព្រឹទ្ធសភាជាតិ អាជ្ញាធរខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជា និងក្រុមយុវជនកម្ពុជាចំនួនជាង ២០នាក់ ដឹកនាំដោយ ឯកឧត្តម ខៀវ មុត រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានអញ្ជើញចូលរួមពិធីបិទសមាជឆ្នាំ២០១៥នេះ។
ឯកឧត្តម ខៀវ មុត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានទទួលយកទង់សម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃសមាជសមុទ្រអាស៊ីបូព៌ា ក្នុងឆ្នាំ ២០១៨ ខាងមុខនេះ។
ឯកឧត្តមក៏បានថ្លែងមតិក្នុងពិធីនេះដោយលើកចំនុចសំខាន់នៃកិច្ចសហការក្នុងតំបន់លើកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការអភិវឌ្ឍដោយចីរភាព នៃតំបន់សមុទ្រ និងតំបន់ឆ្នេរសម្រាប់មនុស្សជាតិក្នុងសហគមន៍ តំបន់ និងសកលលោក។
ដោយឡែក វេទិការថ្នាក់រដ្ឋមន្ត្រីលើកទី ៥ និងវេទិកាបណ្តាញការងារនៃអាជ្ញាធរដែនដីរបស់ភាពជាដៃគូនៅក្នុងការគ្រប់គ្រងបរិស្ថានសម្រាប់សមុទ្រនៃតំបន់អាស៊ីបូព៌ា (PEMSEA Network of Local Government Forum) បានបន្តនៅល្ងាចថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៥៕
ប្រភព៖ ទំព័រក្រសួងបរិស្ថាន