បាត់ដំបង៖ មន្ត្រីមកពីបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធចំនួនប្រមាណ៦០នាក់បានអញ្ជើញចូលរួមការបណ្តុះបណ្តាលស្តីពីការវាយតម្លៃភាពងាយរងគ្រោះ និងការធ្វើផែនការបន្សុាំនិងការប្រែប្រួលអាកាសធាតុនៅបាត់ដំបង កាលពីថ្ងៃទី១៨ ដល់ ២០ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលដឹកនាំដោយ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានសម្របសម្រួលកម្មវិធីយុទ្ធសាស្ត្រសម្រាប់ភាពធននឹងអាកាសធាតុ (SPCR)។
ការបណ្តុះបណ្តាលនេះក៏មានកិច្ចសហការយ៉ាងល្អពីគណៈអភិបាលខេត្តបាត់ដំបង និងក្រសួង
ស្ថាប័នពាក់ព័ន្ធ មន្ទីរពាក់ព័ន្ធ ព្រមទាំងនិសិត្សផងដែរ។
អ្នកចូលរួមការបណ្តុះបណ្តាលបានចុះពិនិត្យមើល និងជួបប្រជាពលរដ្ឋ និងអាជ្ញាធរ ស្វែងយល់ពីប្រព័ន្ធប្រឡាយកំពង់សីមា ស្ថានីយបូមទឹក ការតាំងទីលំនៅលើប្រឡាយជាដើម ដែលជាលំហាត់សាកល្បងវាយតម្លៃភាពងាយរងគ្រោះនិងការប្រែប្រួលអាកាសធាតុ និងធ្វើផែនការបន្សុាំ។
សិក្ខាសាលាបណ្តុះបណ្តាលនេះ រៀបចំដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនៃក្រសួងបរិស្ថាន ដោយអ្នកចូលរួមជាសមាជិកក្រុមការងារការបន្សុាំនិងការប្រែប្រួលអាកាសធាតុដែលជាជនបង្គោលមកពីក្រសួងបរិស្ថាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកិច្ចការនារី គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលក្រុមការងារនេះ ត្រូវបានបង្កើតឡើងដោយកម្មវិធីSPCR។
ការបណ្តុះបណ្តាលនេះជាផ្នែកមួយនៃសកម្មភាពផ្សេងៗទៀត សម្រាប់ការកសាងសមត្ថភាពដល់ក្រុមការងារការបន្សុាំ និងការប្រែប្រួលអាកាសធាតុ ដើម្បីដឹកនាំគំនិតផ្តួចផ្តើមការធ្វើផែនការភាពធននឹងអាកាសធាតុ នៅក្នុងវិស័យរបស់ស្ថាប័ននីមួយៗ។
សូមបញ្ជាក់ថា មន្ត្រីសាលាក្រុងបាត់ដំបង និងមន្ទីរពាក់ព័ន្ធក្នុងខេត្តក៏បានចូលរួមការ
បណ្តុះបណ្តាលនេះផងដែរ៕
ប្រភព៖ ទំព័រក្រសួងបរិស្ថាន