ភ្នំពេញៈ ជាអ្នកក្រីក្ររស់នៅតែជាមួយម្តាយតាំងពីអាយុ ៣ ឆ្នាំ ក្នុងភូមិជនបទដាច់ស្រយោល យុវជនម្នាក់ បានប្រាប់ពីជីវិតតស៊ូសិក្សារហូតចប់មហាវិទ្យាល័យ និងមានលទ្ធភាពបើកសាលាបង្រៀនភាសា និងកុំព្យូទ័រ មួយដោយខ្លួនឯង។
យុវជនបញ្ជាក់ថា ម្តាយខ្លួននៅឯស្រុកកំណើត ចាប់បានឆ្នោត អាហារូបករណ៍សិស្សក្រីក្រជនបទ ឲ្យរូបគេជាប់បានមករៀនបន្តនៅសាកលវិទ្យាល័យពុទ្ធិសាស្រ្ដ ខណៈពេលនោះ រូបគេឡើងមកភ្នំពេញ ធ្វើការជាអ្នករត់តុ មួយខែបាន ៥០ ដុល្លារ សម្រាប់ដោះស្រាយជីវភាពប៉ុណ្ណោះ ក្រោយពីប្រលងជាប់មធ្យមសិក្សា។
មានដើមកំណើតនៅស្រុក កោះអណ្ដែត ខេត្ដតាកែវ ជាប់នឹងព្រំប្រទល់រៀតណាម យុវជន ស្រេង សារ៉េន បាននិយាយថា៖ «តាមពិត ខ្ញុំមិនបានដឹងថា ខ្ញុំបានជាប់អាហារូបករណ៍ទេ ដល់ម្ដាយខ្ញុំប្រាប់ឲ្យទៅទទួលយករង្វាន់ទើបជឿ ពីព្រោះអាហារូបរណ៍នេះត្រូវចាប់ឆ្នោតជ្រើសរើសសិស្សជាប់បាក់ឌុបនៅ ទីដាច់ស្រយាលក្នុងភូមិមាន ៧ នាក់ ដោយជ្រើសយកតែ ៣ នាក់ប៉ុណ្ណោះ»។
ស្នាក់ជាមួយអ៊ុំ ជួយលក់បាយ រួចត្រូវសិក្សាបណ្ដើរ ធ្វើការងារបណ្ដើរ និងក្រោយមក ទំរាំរកបានវត្តស្នាក់នៅវិញព្រោះស្ងប់ស្ងាត់ អាចរៀនសូត្របានល្អជាងមុន សារ៉េន បន្តថា៖ «នៅអំឡុងពេលរៀនដល់បរិញ្ញាបត្រឆ្នាំទី ៤ ខ្ញុំបានព្យាយាមចូលធ្វើការស្ម័គ្រចិត្ត ការងារនៅក្នុងក្រុមហ៊ុន និងអង្គការជាច្រើនកន្លែងជាហូរហែរ មានទាំងអង្គការជាតិ និងអន្ដរជាតិ»។
ក្រោយបញ្ចប់បរិញ្ញាបត្រលើជំនាញ វិទ្យាសាស្រ្ដកុំព្យូទ័រ និងជំនាញភាសាអង់គ្លេសនៅសាកលវិទ្យាល័យបញ្ញាសាស្រ្ដ IEAP English ថែមទៀត យុវជន សារ៉េន បានរួមគ្នាជាមួយនឹងមិត្តភក្ដិ ៤ នាក់ទៀត បានបើកសាលាបង្រៀនភាសា និងកុំព្យូទ័រមួយដែលស្ថិតនៅក្នងស្រុក ត្រាំកក់ ខេត្ដតាកែវ ឈ្មោះថា សាលាភាសាពន្លឺសាស្រ្ដ ក្នុងគោលបំណងពង្រីកចំណេះដឹងផ្នែកភាសា និងបច្ចេកវិទ្យាដល់សិស្សានុសិស្សក្នុងស្រុកភូមិដាច់ស្រយាល ដែលកំពុងមានកង្វះខាត លើជំនាញទាំងនេះ។
យុវជន វ័យ ២៧ ឆ្នាំ រូបនេះ ថ្លែងថា៖ «បច្ចុប្បន្ននេះ មានសិស្សកំពុងសិក្សានៅសាលាខ្ញុំ បានជាង ៣០០ នាក់ហើយ ហើយយើងមានគ្រូបង្គោលនៅប្រចាំការ ៥ នាក់ ចំណែកឯ ចំណូលវិញក្នុងមួយខែអាចទទួលបាន ៣០០០ ដុល្លារដែរ ប៉ុន្ដែត្រូវចំណាយទៅលើ ឡានដឹកសិស្ស និងគ្រូបង្រៀនខ្លះ»។
សារ៉េន បានបន្ថែមថា រាល់ថ្ងៃក្រៅពីធ្វើការងារបើកសាលាបង្រៀនរបស់ខ្លួនឯងនេះ រូបគេក៏កំពុងធ្វើការនៅអង្គការមួយ លើជំនាញ Online Technical Producer និងបានដឹកនាំគម្រោងមួយចំនួនផងដែរ ក្នុងមួយខែអាចរកចំណូលបានជិតពាន់ដុល្លារផងដែរ៕
ប្រភព៖ postkhmer