ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង បានជាប់ឆ្នោតជា ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី ៣។ អ្នកឧកញ៉ា គិត ម៉េង រក្សាតំណែងសារជាថ្មី តាមរយៈពិធីបោះឆ្នោតជ្រើសរើស ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី ៣ លើកទី២ ក្រោមអធិបតីភាព លោកម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ប៉ា សុជាតិវង្ស នារសៀលថ្ងៃទី ២៩ ខែវិច្ឆិកា នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា នេះបើយោងតាមការឲ្យដឹងពីគេហទំព័រហ្វេសប៊ុករបស់ ឯកឧត្តម ប៉ា សុជាតិវង្ស។
បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់សភាពាណិជ្ជកម្ម រាជធានីភ្នំពេញបានឲ្យដឹងថា ការបោះឆ្នោតជ្រើសរើសប្រធានសភាពាណិជ្ជកម្មកម្ពុជា និងប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញនេះ ប្រព្រឹត្តទៅក្រោមការរៀបចំ និងគ្រប់គ្រងដោយ គណៈកម្មការរៀបចំការបោះឆ្នោតមួយ ដែលមានសមាសភាពមកពីក្រសួងពាណិជ្ជកម្ម សាលារាជធានីភ្នំពេញ ក្រសួងមហាផ្ទៃ មន្ទីរពាណិជ្ជកម្ម រាជធានីភ្នំពេញ និងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ។
ការជ្រើសរើសបោះឆ្នោតតំណែងខាងលើ មានរយៈពេលមួយខែ នៃការទទួលចុះឈ្មោះអ្នកបោះឆ្នោត និងបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់អាណត្តិទី ៣ លើកទី ២ ដោយមានអ្នកចូលរួមបោះឆ្នោតមកពីខេត្តចំនួន ១៣ខេត្ត ដោយបានចាប់ផ្ដើមពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០១៥ ដល់ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយមានអ្នកបោះឆ្នោត សម្រាប់វិស័យទាំងបួនមានចំនួនសរុប ១៦៥៩នាក់ ក្នុងនោះវិស័យពាណិជ្ជកម្មមានចំនួន ១០១៦នាក់ វិស័យសេវាកម្ម និងវិជ្ជាជីវៈសេរីមានចំនួន ៣៣៣នាក់ វិស័យឧស្សាហកម្មនិងសិប្បកម្មមានចំនួន ២៣៥នាក់ និងវិស័យកសិកម្មមានចំនួន ៧៥នាក់។
គូសបញ្ជាក់ដែរថា បេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់វិស័យទាំងបួនមានសរុប ២៨នាក់ ក្នុងនោះវិស័យ ពាណិជ្ជកម្មមានចំនួន ១០នាក់ (ជ្រើសរើសយក ០៨នាក់) វិស័យសេវាកម្ម និងវិជ្ជាជីវៈសេរីមានចំនួន ០៩នាក់ (ជ្រើសរើសយក ០៨នាក់) វិស័យឧស្សហកម្ម និងសិប្បកម្មមានចំនួន ០៧នាក់ (ជ្រើសរើសយក ០៧នាក់) និងវិស័យកសិកម្មមានចំនួន ០២នាក់ (ជ្រើសរើសយក ០២នាក់)៕
ប្រភព៖ businesscambodia