នៅថ្ងៃទី ០២ ធ្នូ ឆ្នាំ ១៩៧៨ ជាឬសគល់នៃការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃ ០២ ធ្នូ ១៩៧៨ ក៏គ្មានថ្ងៃ ៧ មករា ១៩៧៩ ដែរ យើងជាកូនខ្មែរត្រូវតែចងចាំជានិច្ចនូវសច្ចភាពប្រវត្តិសាស្ត្រនេះ និងត្រូវថែរក្សានូវរាល់សមិទ្ធផល និងឧត្តមគតិរបស់ «ឥស្សរជន ០២ ធ្នូ» ឲ្យបានស្ថិតស្ថេរគង់វង្សជានិច្ចនិរន្តរិ៍ទៅអនាគត។
ក្នុងរយៈពេល ៣ ឆ្នាំ ៨ខែ និង ២០ ថ្ងៃ ក្រោមការត្រួតត្រារបស់ ប៉ុល ពត ពួកវាបានបំផ្លាញរចនាសម្ព័ន្ធសង្គមជាតិ ដែលទទួលរងវិនាសកម្មដោយសារសង្គ្រាម ៥ ឆ្នាំរួចមកហើយនោះឲ្យរលាយខ្ទេចខ្ទីរដល់ឫសគល់ ។ ប្រជាជនកម្ពុជាជាង ៣ លាន ៣ សែននាក់ត្រូវបាត់បង់ជីវិតយ៉ាងអយុត្តិធម៌ ។ អ្នកនៅរស់ត្រូវដល់មាត់រណ្តៅនៃគ្រោះរលាយសាបសូន្យ បើគ្មានការជួយសង្គ្រោះទាន់ពេលទេនោះ ។
ចលនាបះបោរនៅភូមិភាគបូព៌ាគួបផ្សំនឹងកម្លាំងតស៊ូនៅភូមិភាគឥសាន និងនៅខេត្តកោះកុង ព្រមទាំងប្រជាជនរាប់ម៉ឺននាក់ដែលភៀសខ្លួនពីរបប ប៉ុល ពត ទៅប្រទេសវៀតណាម និងឡាវ បានក្លាយទៅជាមូលដ្ឋាននៃកម្លាំងបដិវត្តន៍ដ៏ខ្លាំងក្លា។ កម្លាំងទាំងអស់នេះ បានធ្វើការឯកភាពគ្នាបង្កើតបានជា រណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី ២ ធ្នូ ១៩៧៨ នៅឃុំឃ្លូ ស្រុកស្នួល ខេត្តក្រចេះ ។
កងទ័ពបដិវត្តន៍នៃរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា ដោយមានការគាំទ្រពីប្រជាជនគ្រប់ទិសទី ក៏បានវាយសម្រុកផ្តាច់ព្រ័តទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រលើរបបកម្ពុជាប្រជាអធិបតេយ្យ នៅថ្ងៃទី ៧ មករា ១៩៧៩ ៕
ប្រភព៖ ទំព័រ សសយក ផ្សារដើមគរ