ភ្នំពេញ៖ សារមន្ទីរសព្វទស្សន៍ ដែលស្ថិតក្នុងខេត្តសៀមរាប បានសាងសង់រួចរាល់ជាស្ថាពរ ដោយចំណាយទឹកប្រាក់ប្រមាណជាង ២៤លានដុល្លារអាមេរិក ត្រូវបានដាក់សម្ពោធជាផ្លូវការ កាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០១៥ ក្រោមអធិបតីភាពឯកឧត្តម សុខ អាន ឧបរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរាផងដែរ។
យោងតាមអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា សារមន្ទីរដែលស្ថាបនាឡើង តាមរចនាបទខ្មែរដ៏ល្អប្រណីតនេះ ចាប់ដំណើការសាងសង់ឡើង តាំងពីខែ សីហា ឆ្នាំ ២០១១ ដោយក្រុមហ៊ុន Mansudae Newtech Corporation Ltd។ សារមន្ទីរនេះ ត្រូវបានសាងសង់នៅលើផ្ទៃដី ៦១១៥ម៉ែត្រការ៉េ មានទំហំបណ្តោយ ៨៣.៥ម៉ែត្រ ទទឹង ៥៤.៣ម៉ែត្រ កំពស់ ៣៤ម៉ែត្រ និងមានចំណតរថយន្ត ផ្លូវដើរ និងទីតាំងផ្សេងៗមួយចំនួនទៀត ដែលសាងសង់រួចរាល់ កាលពីខែ កញ្ញា ឆ្នាំ ២០១៥នេះ ដោយចំណាយអស់ទឹកប្រាក់ជាង ២៤លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុន Mansudae Overseas Project Group of Companies នៃប្រទេសកូរ៉េខាងជើង។
ថ្លែងក្នុងពិធីសម្ពោធ ឯកឧត្តម សុខ អាន បានមានប្រសាសន៍ថា៖ “សារមន្ទីរសព្វទស្សន៍អង្គរ បានផ្តល់នូវផលប្រយោជន៍ ២សំខាន់ គឺ ទីមួយ បានជួយបង្ហាញពីតម្លៃនៃវប្បធម៌ ដ៏រុងរឿងរបស់ប្រទេសកម្ពុជា ឲ្យភ្ញៀវទេសចរទូទាំងពិភពលោក បានស្គាល់និងយល់ដឹង ហើយទីពីរ គឺបានផ្តល់តម្លៃយ៉ាងធំធេង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈចំណូលពីវិស័យទេសចរ ដែលចូលទស្សនានៅតំបន់អង្គរ” ។
ការបង្កើតឲ្យមានសារមន្ទីរសព្វទស្សន៍អង្គរនេះឡើង ក្នុងគោលបំណងឲ្យភ្ញៀវទេសចរបរទេស ស្វែងយល់ឲ្យ បានកាន់តែទូលំទូលាយថែមទៀត នៃប្រាសាទអង្គរ និងលើកកម្ពស់វិស័យទេសចរណ៍ នៅក្នុងប្រទេសកម្ពុជានាពេលអនាគត។
លើលពីនេះ សារមន្ទីរសព្វទស្សន៍អង្គរ នឹងចូលរួមចំណែកដោយផ្ទាល់ ជាមួយអាជ្ញាធរជាតិអប្សរាក្នុងការផ្សព្វផ្សាយ លើកតម្លៃបេតិកភណ្ឌវប្បធម៌ខ្មែរ សំដៅសម្រេចឲ្យបាននូវ ចក្ខុវិស័យនៃការអភិវឌ្ឍទេសចរណ៍នៅតំបន់សៀមរាបអង្គរ ជាពិសេសវិស័យទេសចរណ៍វប្បធម៌ និងបេតិកភណ្ឌប្រកបដោយចីរភាព សីលធម៌ និង សមធម៌៕
ប្រភព៖ businessCambodia