សៀមរាប៖ កសិករនៅក្នុងតំបន់ដីស្ងួត ដែលស្ថិតក្នុងគម្រោងរបស់អង្គការសេដាក និងអង្គការភ្លែនកម្ពុជា បានរៀបចំការតាំងពិព័រណ៌ផលិតផលកសិកម្មរបស់ខ្លួន ក្នុងបំណងផ្សព្វផ្សាយ និងស្វែងរកទីផ្សារសម្រាប់ផលិតផល គ្មានជាតិគីមី។ ជាការតាំងបង្ហាញផលិតផល ខណៈដែលគម្រោងលើកកម្ពស់ជីវភាពក្រីក្ររបស់គ្រួសារដែលធននឹងបម្រែបម្រួលអាកាសធាតុត្រូវបានបញ្ចប់ ក្នុងរយៈពេល៥ឆ្នាំ។
ពិព័រណ៌ផលិតផលកសិករមួយត្រូវបានរៀបចំឡើង ក្នុងបំណងលើកកម្ពស់ផលិតផល ដែលពុំមានប្រើប្រាស់សារធាតុគីមី។ ជាការតាំងពិព័រណ៌របស់ក្រុមកសិករ ដែលស្ថិតក្នុងគម្រោង «លើកកម្ពស់កម្រិតជីវភាពគ្រួសារកសិករក្រីក្រដែលធននឹងបម្រែបម្រួល អាកាសធាតុនៅតំបន់ដីស្ងួតដែលងាយរងគ្រោះបំផុត ក្នុងខេត្តសៀមរាប និងខេត្តកំពង់ចាម» របស់អង្គការសេដាក និងអង្គការភ្លែនកម្ពុជា។
ក្នុងសិក្ខាសាលាបញ្ចប់គម្រោង និងយុទ្ធនាការពិព័រណ៌ផលិតផលកសិកម្ម ដែលរៀបចំធ្វើនៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥ លោក សម វិទូ នាយកប្រតិបត្តិអង្គការសេដាក បានរៀបរាប់ពីប្រវត្តិគម្រោងខាងលើថា បានបញ្ចប់ក្នុងខែធ្នូនេះ។ ជាគម្រោងដែលជួយកសិករ ដើម្បីឲ្យពួកគេបន្សាំខ្លួនទៅនឹងការបម្រែបម្រួលអាកាសធាតុ និងជាពិសេស កាត់បន្ថយភាពក្រីក្រ ក្នុងគ្រួសារកសិករខ្មែរ។
បើតាមការបញ្ជាក់របស់លោក សម វិទូ គម្រោងនេះបានផ្តល់គំនិត ការបង្កើតអ្វីដែលថ្មី និងដែលអាចឲ្យកសិករជួយគ្នាទៅវិញទៅមក ក្នុងនោះមានការបង្កើតក្រុមសន្សំប្រាក់ជាដើម។ ក្នុងរយៈពេល៥ឆ្នាំក្នុងគម្រោងខាងលើនេះ កសិករក្នុងពីរខេត្តមានសៀមរាប និងកំពង់ចាម បានទុនសន្សំប្រាក់ជាង ១លានដុល្លារអាមេរិក ដែលអាចឲ្យពួកគេខ្ចី និងបង្វិលជួយគ្នាក្នុងក្រុមបាន ដោយងាយស្រួល។ នេះបើតាមការអះអាងរបស់ លោក វិទូ ដែលលោកថា វាជាសមិទ្ធផលធំ ដែលគម្រោងបានសម្រេចបាន។ ក្រៅពីនេះ មានការបង្រៀនកសិករធ្វើស្រែតាមបែបប្រពលវប្បកម្ម តាមបែបគោលការណ៍ធម្មជាតិ និងការផ្សារភ្ជាប់ផលិតផលទៅនឹងទីផ្សារជាដើម។
ក្នុងរបាយការណ៍សង្ខេបរបស់អង្គការសេដាក គម្រោងដែលហៅថា «លើកកម្ពស់កម្រិតជីវភាពគ្រួសារកសិករក្រីក្រដែលធននឹងបម្រែបម្រួល អាកាសធាតុនៅតំបន់ដីស្ងួតដែលងាយរងគ្រោះបំផុត ក្នុងខេត្តសៀមរាប និងខេត្តកំពង់ចាម» គឺបានអនុវត្តន៍តាំងពីខែមករា ឆ្នាំ២០១១ និងបញ្ចប់ត្រឹមខែធ្នូ ឆ្នាំ២០១៥នេះ។ គម្រោងនេះបានអនុវត្តន៍លើភូមិចំនួន ៣២៥ភូមិ ៣១ឃុំ និងស្រុកចំនួន៦ ។ សម្រាប់ខេត្តសៀមរាប គម្រោងនេះបានអនុវត្តន៍ក្នុងភូមិចំនួន ២០៣ ២១ឃុំ និងស្រុកចំនួន៤ មានស្រុកបន្ទាយស្រី អង្គរជុំ អង្គរធំ និងស្រុកស្រីស្នំ។
បើទោះជាគម្រោងត្រូវបានបញ្ចប់ ក្នុងខេត្តដែលងាយរងគ្រោះដោយសារគ្រោះរាំងស្ងួតក៏ពិតមែន ប៉ុន្តែអង្គការសេដាក ដែលជាអង្គការកសិកម្មធំនៅកម្ពុជា កំពុងស្វែងរកគម្រោងថ្មីបន្ថែមទៀត ក្នុងន័យជួយកសិករឲ្យក្លាយជាសេដ្ឋីស្រុកស្រែ។
គួរបញ្ជាក់ថា គម្រោងជួយកសិករក្រីក្រនៅតំបន់ដីស្ងួត គឺជាការឧបត្ថម្ភថវិការបស់សហគមន៍អឺរ៉ុប តាមរយៈអង្គការភ្លែនចក្រភពអង់គ្លេស អង្គការភ្លែនកម្ពុជា និងអង្គការសេដាក៕
ប្រភព៖ thmeythmey