តំណាងសហគមន៍ដីធ្លី តំណាងសហជីព សមាគមនានា រួមទាំងព្រះសង្ឃ និងប្រជាពរដ្ឋប្រមាណ៣០០០ អង្គ-នាក់ បានដង្ហែរញត្តិទៅកាន់ក្រសួងយុត្តិធម៌ នាឱកាសទិវាសិទ្ធិមនុស្សលើកទី៦៧ ក្នុងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ ។ ខ្លឹមសារនៃញត្តិនោះ បានស្នើឲ្យក្រសួងយុត្តិធម៌ ក៏ដូចជា រដ្ឋាភិបាល ដោះស្រាយបញ្ហាធំៗចំនួន៥ ជូនប្រជាពលរដ្ឋ។
អង្គការក្រៅរដ្ឋាភិបាល តំណាងសហជីព សកម្មជននានា ព្រមទាំងប្រជាពលរដ្ឋ និងព្រះសង្ឃ ប្រហែលជា៣០០០អង្គ-នាក់ បានមកប្រមូលផ្គុំគ្នានៅក្រសួងយុត្តិធម៌ដើម្បីទាមទារឲ្យរដ្ឋាភិបាល ដោះស្រាយបញ្ហាមួយចំនួន ដែលកើតមានកន្លងមក។ ព្រះសង្ឃ រួមទាំងប្រជាពលរដ្ឋទាំងនោះ មកពីបណ្តារាជធានីខេត្តចំនួន១៦ ដូចជា ខេត្តព្រះវិហារ និងខេត្តបាត់ដំបងជាដើម។
គោលបំណងសំខាន់ៗចំនួន៥ ដែលប្រជាពលរដ្ឋនិងព្រះសង្ឃទាំងនោះទាមទារគឺ ១. ដោះស្រាយជម្លោះដីធ្លីនៅទូទាំងប្រទេស, ២. កែប្រព័ន្ធតុលាការ និងដោះលែងសកម្មជនសិទ្ធិមនុស្សរូមទាំងសកម្មជនដីធ្លី ដែលជាប់ពន្ធនាគារ, ៣. ដំឡើងប្រាក់ខែជួនកម្មករឲ្យបានសមរម្យ, ៤. បញ្ឈប់អំពើហិង្សាលើប្រជាជន ជាពិសេសក្រុមបាតុករ, ៥. គោរពសេរីភាពក្នុងការបញ្ចេញមតិ ការជួបជុំ និងការប្រមូលផ្តុំដោយអហិង្សា។
លោក វ៉ន ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងតំណាងកម្មករ មានសុទិដ្ឋិនិយមយ៉ាងខ្ពស់ថា ក្រសួងយុត្តិធម៌នឹងយកចិត្តទុកដាក់ ដោះស្រាយនូវអ្វីដែលប្រជាពលរដ្ឋកំពុងទាមទារ។ លោកបញ្ជាក់ដូច្នេះថា៖ «ពួកខ្ញុំសង្ឃឹមថា ញត្តិនេះនឹងទៅដល់ដៃឯកឧត្តមរដ្ឋមន្ត្រី ហើយឯឧត្តមនឹងពិនិត្យពិចារណាលើញត្តិនេះ ដើម្បីកែសម្រួលប្រព័ន្ធតុលាការឡើងវិញ។ យើងសង្ឃឹមដូច្នេះ ព្រោះទាំងខ្លឹមសារនៃញត្តិ និងសកម្មភាពរបស់ប្រជាពលរដ្ឋនៅថ្ងៃនេះ បានបង្ហាញថា ប្រជាពលរដ្ឋកំពុងតែស្រែកឃ្លានយុត្តិធម៌យ៉ាងខ្លាំង»។
ចំណែកឯ
លោក អំ សំអាត ប្រធានបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់អង្គការលីកាដូ បានលើកឡើងថា យុត្តិធម៌អាចកើតមានក្នុងសង្គមខ្មែរបាន ដរាបណាប្រព័ន្ធយុត្តិធម៌ត្រូវបានរៀបចំឲ្យមានឯករាជ្យ និងកែប្រែឲ្យត្រូវស្តង់ស្តារជាមុនសិន។ លោកសង្កត់ធ្ងន់ៗបែបនេះថា៖ «អ្វីដែលសំខាន់បំផុត គឺត្រូវតែធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងតុលាការ ឲ្យទៅជា ប្រព័ន្ធមួយដែលឯករាជ្យ និងត្រូវតាមស្តង់ដា ដែលប្រជាជនមានជំនឿទុកចិត្តបាន។ បើធ្វើរឿងហ្នឹងបានមែន ខ្ញុំគិតថាភាពយុត្តិធម៌នឹងអាចកើតមានហើយ»។
ជាងនេះទៅទៀត រូបលោក បានសម្តែងនូវក្តីសង្ឃឹមថា ថ្ងៃនេះ ជាថ្ងៃសិទ្ធិមនុស្ស ដូច្នេះវាជាឱកាសល្អដែលប្រជាពលរដ្ឋ អាចផ្ញើសារពីទុក្ខលំបាក ទៅដល់រដ្ឋាភិបាល ហេតុនេះក្រសួងយុត្តិធម៌ ក៏ដូចជារដ្ឋាភិបាល នឹងដោះស្រារាល់បញ្ហា ដែលប្រជាពលរដ្ឋចង់បាន។
ក្រោយពីតំណាងក្រសួងយុត្តិធម៌ចេញមកទទួលញត្តិ ប្រជាពលរដ្ឋ រូមទាំងព្រះសង្ឃទាំងអស់ បានបញ្ចប់សកម្មភាពនៃការដាក់ញត្តិនោះ នៅម៉ោង១០:៣០ ព្រឹក៕
ប្រភព៖ thmeythmey