ចៅសង្កាត់​ប៉ោយប៉ែត​ទើប​ឡើងកាន់តំណែង​ថ្មី រង​ការចោទប្រកាន់​ប្រព្រឹត្ត​អំពើពុករលួយ

11-December-2015 | ដោយ មួយឡា

​បន្ទាយមានជ័យ​៖ ចៅសង្កាត់​ប៉ោយប៉ែត លោក អាំង គី​ហេង ទទួលរង​ការ​ចោទ​ពី​ប្រជាពលរដ្ឋ​ថា​ប្រព្រឹត្ត​អំពើពុករលួយ យក​ថ្លៃ​សេវា​ធ្វើលិខិត​បញ្ជាក់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ពី​ប្រជាពលរដ្ឋ​ច្រើន ខុសពី​ច្បាប់​កំណត់​និង​ពុំមាន​វិក័យប័ត្រ​នោះទេ តែ លោក​ចៅសង្កាត់ បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​នេះ​ថា​ជា​រឿង​មិន​ពិត ។​

​ពលរដ្ឋ​មួយ​គ្រួសារ​នៅ​ភូមិ​សាមគ្គី​មានជ័យ ស្ថិតក្នុង​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​គឺ​លោកស្រី មឿ​ន គ​ន្ធា បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៥ ថា កាលពី​ចុងខែ​វិច្ឆិកា កន្លងទៅ លោកស្រី​ធ្វើលិខិត​បញ្ជាក់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ចំនួន​៣​ច្បាប់​ហើយ ត្រូវបាន​ចៅសង្កាត់​ប៉ោយប៉ែត​តម្រូវ​ឲ្យ​លោកស្រី​បង់ប្រាក់​ចំនួន ដប់​ប្រាំ​ម៉ឺន​រៀល​ដោយ​ពុំ​បានចេញ​វិក័យប័ត្រ​ឲ្យ​នោះទេ​។​

​លោកស្រី​បញ្ជាក់ថា​លោក អាំង គី​ហេង ចៅសង្កាត់​ទើប​ឡើងកាន់តំណែង​ថ្មី​ប្រមាណ​ពីរ​ខែ​រូបនេះ តែង​យកប្រាក់​ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើលិខិត​បញ្ជាក់​ប្លង់ដី​ក្នុង​មួយច្បាប់​ប្រាំ​ម៉ឺន​រៀល​ហើយ ប្រសិនបើ​ប្រជាពលរដ្ឋ​ណា​បង់ប្រាក់​មិន​គ្រប់​ចំនួន​ទេ គឺ​ចៅសង្កាត់​មិន​ធ្វើលិខិត​ឲ្យ​នោះទេ ។​

​ឆ្លើយតប​នឹង​ការចោទប្រកាន់​ខាងលើនេះ ចៅសង្កាត់​ប៉ោយប៉ែត​លោក អាំង គី​ហេង មានប្រសាសន៍ថា​លោក​ពុំបាន​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​បង់ប្រាក់​ធ្វើលិខិត បញ្ជាក់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​លើសពី​ច្បាប់​កំណត់ ដូច​ការចោទប្រកាន់​នោះទេ​។ កន្លងទៅ​លោក​តែង​បំពេញការងារ​ដើម្បី​បម្រើ​សេចក្ដីសុខ​ជូន​ប្រជាពលរដ្ឋ ដោយ​មិន​គិតពី​ការនឿយហត់​នោះឡើយ​។

លោក អាំង គី​ហេង មានប្រសាសន៍ថា​៖ ចំពោះ​ប្រាក់​វិភាគទាន​របស់​ប្រជាពលរដ្ឋ​ទាំងអស់ ខ្ញុំ​មិន​ប៉ះពាល់​ឡើយ​គឺ​ខ្ញុំ​យកប្រាក់​នោះ​ទៅធ្វើ​ការអភិវឌ្ឍ​ក្នុង​សង្កាត់​ប៉ោយប៉ែត​តែប៉ុណ្ណោះ ។​ ​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ប៉ោយប៉ែត​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ម្នាក់ទៀត បាន​ឲ្យ​ដឹងថា​កន្លងទៅ​ចៅសង្កាត់​ប៉ោយប៉ែត​បាន​តម្រូវ​ឲ្យ​រូបគាត់​បង់ប្រាក់​ចំនួន ប្រាំ​ម៉ឺន​រៀល​ដែរ ក្នុងការ​ធ្វើលិខិត​បញ្ជាក់​ប្លង់ដី​មួយច្បាប់ ដោយ​ពុំមាន​វិក័យប័ត្រ​នោះទេ​។​

​ចំណែក​លោក ស៊ុំ ច័ន្ទ​គា មន្ត្រី​សម្របសម្រួល​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា បើទោះជា​ចៅសង្កាត់​ប៉ោយប៉ែត​ចេញ​វិក័យប័ត្រ​ឲ្យ​ប្រជាពលរដ្ឋ យ៉ាងណាក៏ដោយ ក៏​ចៅសង្កាត់​មិនត្រូវ​យកប្រាក់​ពី​ប្រជាពលរដ្ឋ​ខុសពី​ច្បាប់​កំណត់​នោះទេ​។ លោក​បញ្ជាក់ថា ចៅសង្កាត់​យកប្រាក់​ពី​អ្នកភូមិ​ខុសពី​ច្បាប់​កំណត់ គឺជា​ការប្រព្រឹត្ត​អំពើពុករលួយ ហើយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវតែ​ចាត់វិធានការ​លើ​បញ្ហា​នេះ ។

លោក អាំង គី​ហេង មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឡើងកាន់តំណែង​ចៅសង្កាត់​ប៉ោយប៉ែត​ជំនួស លោក នុត លី ដែល​ត្រូវបាន​បង្ខំ​ឲ្យ​លាលែង​ចេញពី​តំណែង​កាលពី​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៥​កន្លងទៅ ។ ឡើងកាន់តំណែង​ចៅសង្កាត់​ថ្មី​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​រិះគន់​យ៉ាង​ចាស់ដៃ​ថា ជាការ​ឡើងកាន់តំណែង​បែប​បក្ខពួកនិយម​តាមរយៈ លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត​បច្ចុប្បន្ន​។ យោងតាម​របាយការណ៍​សង្កាត់ ប៉ោយប៉ែត​បង្ហាញថា នៅក្នុង​សង្កាត់​នេះ​មាន​ភូមិ​ចំនួន​១៣ ហើយ​ប្រជាពលរដ្ឋ​ដែលមាន​ប័ណ្ណគ្រួសារ​រស់នៅ​ប្រមាណ​បួន​ម៉ឺន​នាក់ ៕

​ប្រភព​៖ meatophoum

ចំនួនអ្នកទស្សនា

    20548977

  • ថ្ងៃនេះ5561
  • ម្សិលមិញ20231
  • សប្តាហ៍នេះ84641
  • ខែនេះ106521
  • ឆ្នាំនេះ106521
  • សរុប20548977