កាលពីពេលថ្មីនេះៗ លោកឧកញ្ញា ម៉ុង ឬទ្ធី បានបរិច្ចាគកៅអី ដែលមានដំបូលចំនួនប្រាំមួយបន្ថែមទៀត ដល់មន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ប្រជាពលរដ្ឋ ដែលរង់ចាំទទួលសេវាពិនិត្យព្យាបាលជំងឺ នៅមន្ទីរពេទ្យគន្ធបុប្ផា នេះបើតាមគេហទំព័រហ្វេសប៊ុក របស់លោកឧកញ៉ាផ្ទាល់។
ក្រៅពីការបរិច្ចាគនូវកៅអីដែលមានដំបូល លោកឧកញ្ញ ម៉ុង ឬទ្ធី ក៏មានគម្រោងសាងសង់ បន្ទប់ទឹក បង្គន់អនាម័យ និងកន្លែងងូតទឹក លាងសំអាតដៃឲ្យកុមារ ដែលមានទីតាំងស្ថិតនៅជាប់របងមន្ទីរពេទ្យខាងត្បូង។
ដោយលោកឧកញ្ញា មើលឃើញពី ភាពលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលតែងតែប្រើប្រាស់បន្ទប់ទឹកជួលក្នុងតម្លៃ ៥០០រៀល ក្នុងការចូលបន្ទោរបង់ម្តងៗ។ លោកឧកញ្ញា បានមានប្រសាសន៍ឲ្យដឹងដែរថា ៖ “មិនយូរមិនឆាប់ ខ្ញុំនឹងសាងសង់ឲ្យបានឆាប់រហ័សបំផុត ព្រមទាំងមានសោភ័ណភាពស្រស់ផង ទុកសម្រាប់ឲ្យប្រើប្រាស់ដោយឥតគិតថ្លៃ”។
គួរជម្រាបថា រដ្ឋាភិបាលកម្ពុជានឹងផ្តល់ប្រាក់ឧបត្ថម្ភជាទឹកប្រាក់ជិត ១០លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០១៦ខាងមុខនេះ ដល់មន្ទីរពេទ្យគន្ធបុប្ផា ហើយចំនួនទឹកប្រាក់នេះ មានការកើនឡើង ១លានដុល្លារ បើប្រៀបធៀបនឹងឆ្នាំ ២០១៥។ ការឧបត្ថម្ភទឹកប្រាក់សម្រាប់ឆ្នាំ ២០១៦ ខាងមុខនេះ គឺដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុនៅក្នុងមន្ទីរពេទ្យក៏ដូចជាផ្តល់ក្តីសង្ឃឹមដល់កុមារកម្ពុជា ដែលខ្វះលទ្ធភាព នេះបើយោងតាមច្បាប់ស្តីពីថវិកាជាតិឆ្នាំ ២០១៦ បានអនុម័តដោយរដ្ឋសភាកាលថ្ងៃច័ន្ទ ទី៣០ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ៕
ប្រភព៖ businessCambodia