ស្ទឹងត្រែង៖ គណៈប្រតិភូក្រសួងពាណិជ្ជកម្មដែលដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញទៅសួរសុខទុក្ខ លោកស្រី ខាវ ថងញ៉ុត ភរិយារបស់អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត នៅគេហដ្ឋាន របស់លោកស្រីឋិតនៅខេត្តស្ទឹងត្រែង ក្រោយការវិលត្រឡប់ពីការអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលចម្រុះសម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម លើកទី១០ នៅខេត្តចំប៉ាសាក់ ប្រទេសឡាវ។
លោកស្រី ខាវ ថងញ៉ុត មានសេចក្តីត្រេកអរជាអនេក ដែលបានជួបជាមួយ គណៈប្រតិភូ និងបានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្ត្រីថា៖ ជាមួយនឹងថវិកាសប្បុរសធម៌ដែលរ៉ៃអង្គាសបានពីកម្មវិធីប្រគុំតន្ត្រីដ៏ពិសេសមួយក្រោមចំណងជើងថា៖ “ពេលវេលាដែលត្រូវតបស្នង - វិភាគទានចំពោះអធិរាជសម្លេងមាស លោក ស៊ីន ស៊ីសាមុត” លោកស្រីអាចយកថវិកានោះទៅកសាងបានផ្ទះមួយសម្រាប់កូនស្រីរបស់លោកស្រី និងបានយកទៅជួយទំនុកបម្រុងដល់គ្រួសារកូនប្រុសរបស់លោកស្រី គឺលោក ស៊ីន ចាន់ឆៃយ៉ា ដែលទើបបានទទួលមរណៈភាពកន្លងទៅ ជួយដល់អ្នកអភិរក្សថាសចម្រៀងចាស់ៗរបស់លោក ស៊ីន ស៊ីសាមុត និងធ្វើចង្ហាន់ទៅវត្តប្រគេនព្រះសង្ឃផងដែរ។
យើងខ្ញុំសូមជូនពរឲ្យលោកស្រីមានសុខភាពល្អ និងអាយុយឺនយូរដើម្បីទទួលបានអត្ថប្រយោជន៍ពីសិទ្ធិអ្នកនិពន្ធលើស្នាដៃបទចម្រៀងចំនួន ៧៣បទ របស់លោក ស៊ីន ស៊ីសាមុត អធិរាជសម្លេងមាស កម្ពុជា ដែលជាស្វាមីរបស់លោកស្រី៕
ប្រភព៖ ទំព័រក្រសួងពាណិជ្ជកម្ម