ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ ថា បន្ទាប់ពីតាមដាន និងព្យាករណ៍លើស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជន ឲ្យបានជ្រាបថា ចាប់ពីថ្ងៃទី ១៧ ដល់ ២០ ខែធ្នូខាងមុខនេះ ខេត្តចំនួន ៨ នឹងមានសីតុណ្ហភាពចុះត្រជាក់ ចាប់ពី ១៧ ដល់ ១៨ អង្សា ក្នុងនោះមានដូចជា៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ឧត្តរមានជ័យ សៀមរាប ព្រះវិហារ និងខេត្តរតនគិរី សីតុណ្ហភាពអប្បបរមា មានពី១៨-២០អង្សា និងអតិបរមា មានពី ២៥-២៧ អង្សា រីឯខេត្តមណ្ឌលគិរី សីតុណ្ហភាពអប្បបរមា មានពី១៧-១៨ អង្សា និងអតិបរមា មានពី ២៣-២៤ អង្សា។
ការចុះត្រជាក់នេះកើតឡើងក៏ដោយសារតែ បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងទទួលឥទ្ធិពលពី ខ្យល់មូសុងឦសាន និងជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន។
ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា តាមការព្យាករណ៍ចាប់ពីថ្ងៃទី ១៧ ដល់ ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៥ ជ្រលងសម្ពាធខ្ពស់នេះនឹងបង្កើនឥទ្ធិពលខ្លាំង មកលើព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅតំបន់ខ្ពង់រាប និងទំនាបកណ្តាលភាគពាយ័ព្យនៃប្រទេស ដែលបណ្ដាលឲ្យសីតុណ្ហភាពចុះត្រជាក់ នៅបណ្តាខេត្តមួយចំនួនខាងលើ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជនជ្រាបជាព័ត៌មាន និងសូមឲ្យប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពអាកាសធាតុត្រជាក់នេះ និងត្រូវបង្កើននូវការយកចិត្តទុកដាក់ ដើម្បីចៀសវាងនូវ គ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕
ប្រភព៖ BusinessCambodia