ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានព្រមានបណ្តាស្នងការនគរបាលរាជធានីខេត្តទាំងអស់ ពិសេសស្នងការនគរបាលខេត្តបាត់ដំបង ខេត្តពោធិសាត់ និងខេត្តកណ្ដាល ថា នឹងមានបកស័ក្ដិ ប្រសិនបើមិនអាចតាមបង្ក្រាប និងតាមចាប់ចោរប្លន់ប្រដាប់អាវុធមិនទទួលបានជោគជ័យ។
ការព្រមាននោះបានឲ្យដឹងនៅក្នុងឱកាស សម្តេចក្រឡាហោម ស ខេង អញ្ជើញប្រកាសសមាសភាព គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី១៥ ខែធ្នូនេះ ទីស្តីការក្រសួង។
សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ករណីចោរប្លន់បច្ចុប្បន្ននេះ បានកើតឡើងហាក់ដូចជាធ្វើសកម្មភាពប្លន់មានអង្គការចាត់តាំង ដែលបណ្តាស្នងការនគរបាល ត្រូវមានវិធានការប្រុងប្រយ័ត្នក៏ត្រូវយកចិត្តទុកដាក់ កាន់តែខ្លាំងឡើង លើការបង្ក្រាបបទល្មើសប្លន់ទាំងនេះ ។
សូមបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឱ្យអាជ្ញាធរគ្រប់មូលដ្ឋាន យកចិត្តទុកដាក់បង្កើនការវាយបង្ក្រាប ក្រុមចោរប្រដាប់អាវុធ ដែលធ្វើសកម្មភាពប្លន់ប្រជាពលរដ្ឋ យ៉ាងសាហាវនាពេលថ្មីៗនេះ។
ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា សូមឱ្យគ្រប់ទីកន្លែងទាំងអស់បង្កើនការប្រុងប្រយ័ត្ន និងវ៉ៃបង្ក្រាបពួកឧក្រិដ្ឋជន ប្លន់ប្រដាប់អាវុធនេះ ព្រោះក្រុមនេះ គឺជាក្រុមគ្មានសាសនាណាទាំងអស់ ព្រោះគ្មានសាសនាណាប្រដៅឱ្យពួកនេះ ប្រព្រឹត្តអំពើលួចប្លន់នោះទេ អញ្ចឹងសុំក្រៅពីអាជ្ញាធរថ្នាក់ជាតិ កម្លាំងប្រដាប់អាវុធ កម្លាំងមានសមត្ថកិច្ចថ្នាក់ជាតិ ថ្នាក់ក្រោមជាតិទាំងអស់ បង្កើននូវការប្រុងប្រយ័ត្ន ហើយបើកប្រតិបត្តិការដើម្បីទប់ស្កាត់ និងបង្ក្រាបចំពោះអំពើ ប្លន់ប្រដាប់អាវុធ និងក្រុមជនឃោរឃៅ។
ករណីចោរប្លន់ប្រដាប់អាវុធថ្មីៗនេះគឺបានធ្វើសកម្មប្លន់អាជីវករ លក់គ្រឿងអលង្ការ និងទីតាំងកន្លែងផ្ទេរប្រាក់ Wing ចំនួន៣កន្លែងទៅប្រទេសកម្ពុជា ក្នុងនោះមានខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តកណ្តាល ជាដើម។ ក្រោយមានករណីនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មានរបាយការណ៍មួយចំនួន រាយការណ៍ថា ក្រុមចោរទាំងនោះ មានអ្នកខ្លះមុខដដែលៗ ដែលធ្លាប់ជាប់ពន្ធនាគាររួចទៅហើយ។
ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យក្រសួងយុត្តិធម៌ ពិនិត្យឱ្យបានល្អិតល្អន់ ចំពោះការលើកលែងទោសឱ្យទណ្ឌិត នៅក្នុងពន្ធនាគារ។ សម្តេច បន្តថា បើសិនជាទណ្ឌិតនោះ ជាចោរប្លន់ប្រដាប់អាវុធនោះសម្តេចនឹងមិនស៊ីញ៉េ ស្នើឱ្យលើកលែងទោសនោះទេ ហើយស្នើកុំឱ្យក្រសួងយុត្តិធម៌ ដាក់បញ្ចូលឈ្មោះ ទណ្ឌិតដែលជាចោរប្លន់ ដើម្បីឱ្យសម្តេច ជួយស្នើលើកលែងទោស។ ជាការកត់សម្គាល់នៅក្នុងករណីចោរប្លន់ ដ៏កក្រើកនៅ៣ខេត្ត នាពេលថ្មីៗនេះ មានតែខេត្តបាត់ដំបង មួយទេ ដែលដេញបង្ក្រាបចាប់ បានជនសង្ស័យ២នាក់ និងដកហូតកាំភ្លើង ម៉ូតូបានមួយចំនួនមកវិញ រីឯខេត្តពោធិ៍សាត់ និងខេត្តកណ្ដាលសមត្ថកិច្ចវែកមុខជនល្មើសមិនទាន់បាននៅឡើយទេ៕
ប្រភពៈបាយ័ន