ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រើនរំលឹក​ដល់​ម្ចាស់​សំណង់​ឲ្យ​គោរព​ច្បាប់​សាងសង់

16-December-2015 | ដោយ មួយឡា

ភ្នំពេញ​៖ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នា​ថ្ងៃទី​១៥ ​ខែធ្នូ ​ឆ្នាំ​២០១៥ បានចេញ​សេចក្តីជូនដំណឹង ដើម្បី​ឲ្យ​ម្ចាស់​សំណង់​ទាំងអស់​គោរព​ច្បាប់​សាងសង់​ឲ្យ​បាន​ត្រឹមត្រូវ និង ត្រូវមាន​លិខិតអនុញ្ញាត​សាងសង់​ច្បាស់លាស់​។ ការបំពានច្បាប់​និង​លិខិតអនុញ្ញាត​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវ​ទទួលរង​នូវ​វិធានការ​តាមផ្លូវ​ច្បាប់​។​

​នៅក្នុង​សេចក្តីជូនដំណឹង​របស់​ខ្លួន ក្រសួង​រៀច​ចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ក្រើនរំលឹក​ដល់​ម្ចាស់​សំណង់​ទាំងអស់​ត្រូវគោរព​ច្បាប់​សាងសង់ និង ការតម្រូវ​ផ្នែក​បច្ចេកទេស​ពាក់ព័ន្ធ​ឲ្យ​បាន​ម៉ត់ចត់​។ សាធារណៈជន​ដែលមាន​បំណង​ធ្វើការ​សាងសង់​គ្រប់​ប្រភេទ​ត្រូវសុំ​លិខិតអនុញ្ញាត ​សាងសង់ និង ត្រូវអនុវត្ត​តាម​ឲ្យ​បាន​ត្រឹមត្រូវ​។​

«​តាមច្បាប់​ស្តីពី​ការរៀបចំ​ទឹកដី នគរូបនីយកម្ម និង​សំណង់ អនុក្រឹត្យ​លេខ​៨៦​អនក្រ​.​បក ស្តីពី​លិខិតអនុញ្ញាត​សាង់សង់ និង​អនុក្រឹត្យ​លេខ​៤២ អនក្រ​.​បក ស្តីពី​នគរូបនីយកម្ម​រាជធានី​ក្រុង និង​ទីប្រជុំជន​បានចែង​ច្បាស់​ថា នៅពេល​ពិនិត្យឃើញ​មាន​សំណង់​ខុសឆ្គង ការដ្ឋាន​ត្រូវ​បញ្ឈប់​។​ ក្នុងរ​ណី​មិន​អនុវត្តតាម អាជ្ញាធរ​ដែនដី​ត្រូវធ្វើ​ការផាកពិន័យ​និង​ចាត់​ឲ្យ​រុះរើ និង​ធ្វើ​ឲ្យ​កន្លែង​នោះ​មាន​សភាព​ដូចដើម​វិញ ដោយ​ចាប់បង្ខំ​ឲ្យ​អ្នក​ល្មើសច្បាប់ ត្រូវតែ​ចេញ​សោហ៊ុយ​ចំណាយ​ទាំងអស់នោះ ឬ ក្នុងករណី​ចាំបាច់ អាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវ​ចងក្រង​សំណុំរឿង​បញ្ជូនទៅ​តុលាការ និង​អាច​សុំ​ឲ្យ​រឹបអូស​សម្ភារៈ​បរិក្ខារ ឧបករណ៍​ផ្សេងទៀត ដោយ​អនុលោម​តាម​នីតិវិធី​ជា​ធរមាន​»​។​

​តាម​ការសង្កេត​របស់​ក្រសួង​ខាងលើ នៅមាន​ករណី​សំណង់​ខ្លះ​បាន​សាងសង់​ដោយ​ពុំមាន​លិខិតអនុញ្ញាត​សាងសង់ ឬ សាងសង់​ខុសពី​លិខិតអនុញ្ញាត​សាងសង់ ដែល​អំពើ​ទាំងនេះ​ត្រូវ​ប្រឈម​ចំពោះមុខ​ច្បាប់​៕

ប្រភព៖ thmeythmey

 

ចំនួនអ្នកទស្សនា

    20550477

  • ថ្ងៃនេះ7061
  • ម្សិលមិញ20231
  • សប្តាហ៍នេះ86141
  • ខែនេះ108021
  • ឆ្នាំនេះ108021
  • សរុប20550477