រដ្ឋាភិបាលជប៉ុន តាមរយៈមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន បានផ្តល់ជំនួយឥតសំណងក្នុងទឹកប្រាក់ប្រមាណ១.៥លានដុល្លារ សម្រាប់គម្រោងការពង្រឹងសមត្ថភាព ដើម្បីឈានទៅអនុវត្តន៍ការប្រើប្រាស់ប្រព័ន្ធនាំផ្លូវហោះហើរ និងគ្រប់គ្រងចរាចរផ្លូវអាកាសថ្មី តាមផ្កាយរណប។
ពិធីចុះហត្ថលេខាលើកំណត់ហេតុ ស្តីពីការទទួលកម្មវិធីគូសផ្លូវហោះហើរនេះ ត្រូវបានធ្វើឡើងនារសៀលថ្ងៃទី១៥ខែធ្នូ នៅទីស្តីការគណៈរដ្ឋមន្ត្រី រវាងឯកឧត្តម សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោក អ៊ិស៊ូ អាដាជិ( Itsu Adachi) ប្រធានអង្គការ JICA ប្រចាំប្រទេសកម្ពុជា។
យោងសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី គម្រោងអភិវឌ្ឍន៍ប្រព័ន្ធនាំផ្លូវអាកាសថ្មីបានអនុម័ត និងអនុម័តដោយបែងចែកជា២ដំណាក់កាល។ ដំណាក់កាលទី១ គម្រោងនៃការសិក្សាផែនការមេ សិក្សាលើការអភិវឌ្ឍប្រព័ន្ធ New CNS/ATM ថ្មីនេះ ត្រូវបានអនុម័តរយៈពេល១២ខែ គិតចាប់ពីខែកុម្ភៈឆ្នាំ២០១០ ដល់ខែមករាឆ្នាំ២០១១ អស់ថវិកាចំនួន០.៥៧លានដុល្លារ ដោយប្រើប្រាស់ថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជាចំនួន៦៨,១០០ដុល្លារ ។ ដំណាក់ទី ២ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ទទួលបានគម្រោងបន្តជំនួយបច្ចេកទេស លើប្រព័ន្ធNew CNS/ATM ដែលមានរយៈពេល៥ឆ្នាំ (២០១១-២០១៥) មានឈ្មោះថាគម្រោងពង្រឹងសមត្ថភាព ដើម្បីឈានទៅអនុវត្តន៍ការប្រើប្រាស់ប្រព័ន្ធនាំផ្លូវហោះហើរ និងគ្រប់គ្រងអាកាសចរផ្លូវអាកាសថ្មី។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល ថវិកាចំណាយសរុប៥០០លានយ៉េន ឬប្រមាណនឹង៦លានដុល្លារសម្រាប់៣ ប្រទេស គឺកម្ពុជា វៀតណាម និងឡាវ។ សម្រាប់ប្រទេសកម្ពុជា ចំណាយថវិកាអស់ប្រមាណ២លានដុល្លារ ដែលក្នុងនោះថវិកាបដិភាគរបស់កម្ពុជាសម្រាប់រយៈពេល៥ឆ្នាំ មានចំនួន២៣៤,៨០០ដុល្លារ។
លោក ម៉ៅ ហាសវណ្ណាល់ រដ្ឋលេខានៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានគូសបញ្ជាក់ថា ការសម្រេចបានរបស់គម្រោងដែលមានរយៈពេល៥ឆ្នាំនេះ បានកាត់បន្ថយចម្ងាយផ្លូវហោះហើរ ពេលវេលាសម្រាប់ប្រតិបត្តិការអាកាសយាន ដែលនឹងធ្វើឲ្យការហោះហើរកើនឡើងច្រើនជាង៦៤,០០០ជើង ក្នុងឆ្នាំ២០១៨ខាងមុខ។
សូមបញ្ជាក់ថា នៅឆ្នាំ២០១៤ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងខេត្តសៀមរាប ទទួលបានអ្នកដំណើរចំនួន៥.៧លាននាក់ ចេញដំណើរពីអាកាសយានដ្ឋានចំនួន១១៩ នៃ៤៣ប្រទេស ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទទួលបានអ្នកដំណើរចំនួន២,៧លាន នាក់ កើន១១.៤ភាគរយ ធៀបនឹងឆ្នាំ២០១៣ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបទទួលបានអ្នកដំណើរជាង៣លាននាក់ កើនឡើង១៣.៣ភាគរយ ធៀបនឹងឆ្នាំ២០១៣ ។ តាមការសិក្សាថ្មីៗបានព្យាករណ៍ថា អ្នកដំណើរតាមផ្លូវអាកាសឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងសៀមរាប នឹងកើនដល់ជិត១០លាននាក់ នៅឆ្នាំ២០២០ ។ នៅឆ្នាំ២០២០ អ្នកដំណើរតាមផ្លូវអាកាសឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងកើនដល់ជាង៤.២លាននាក់ រីឯអាកាសយានដ្ឋានអន្តរជាតិសៀមរាប នឹងកើនដល់ជិត៥លាននាក់៕
ប្រភព៖ thmeythmey