ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យឯកឧត្តម William A. Heidt ឯកអគ្គរដ្ឋទូតនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងការងារគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ នៅទីស្ដីការក្រសួងបរិស្ថាន។
ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍និងអបអរសាទរចំពោះការចូលកាន់តំណែង របស់ឯកឧត្តមជាឯកអគ្គរដ្ឋទូត ហើយឯកឧត្តមរដ្ឋមន្ត្រីក៏បានជម្រាបជូនភ្ញៀវអំពីស្ថានភាពនិងវឌ្ឍនភាពការងាររបស់ក្រសួងបរិស្ថាន ដោយរំលេចនូវចក្ខុវិស័យ បេសកកម្ម និងទិសដៅការងារ ពាក់ព័ន្ធនឹងតួនាទីភារកិច្ចរបស់ក្រសួង ជាពិសេសការពង្រឹងតួនាទីអង្គភាពជំនាញនៅថ្នាក់ក្រោមជាតិ ដើម្បីធានាបាននូវការលើកកម្ពស់គុណភាពបរិស្ថាន ការរក្សាបាននូវតុល្យភាពនៃប្រព័ន្ធអេកូឡូស៊ី និងការរស់នៅដោយចីរភាព។
ជំនួបនេះជាការបើកទំព័រសករាជថ្មីនៃទំនាក់ទំនងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងសហរដ្ឋអាមេរិកលើវិស័យបរិស្ថាន ដោយភាគីទាំងពីរបានប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែស៊ីជម្រៅ និងទូលំទូលាយបន្ថែមទៀត ជាពិសេសលើការពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ក៏ដូចជាការប្រើប្រាស់ថាមពល ដែលអាចធានាបាននូវការអភិវឌ្ឍដោយចីរភាព៕
ប្រភព៖ ទំព័រក្រសួងបរិស្ថាន