ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញធ្វើបទបង្ហាញក្នុងសិក្ខាសាលាស្តីពី៖ “កាលានុវត្តភាពសម្រាប់សហគ្រិនកម្ពុជានិងទីផ្សារអាស៊ាន” នៅមជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)។
សិក្ខាសាលានេះត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម គាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ ដែលមានការរៀបចំឡើងដោយសមាគមន៍និស្សិតខេត្តក្រចេះ។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីបណ្តារដ្ឋមន្ត្រីនានា មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល សហគ្រិន ព្រមទាំងយុវជននិងនិស្សិតផងដែរចំនួន ប្រមាណ៤០០នាក់។
នៅក្នុងខ្លឹមសារនៃការធ្វើបទបង្ហាញ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនសិក្ខាកាមស្តីអំពីការអភិវឌ្ឍសេដ្ឋកិច្ច នាពេលថ្មីៗនេះ និងកំណែទម្រង់របស់ក្រសួងពាណិជ្ជកម្ម ដែលសម្រេចបានកន្លងមក និងកំពុងអនុវត្តនាពេលបច្ចុប្បន្ន។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីសារសំខាន់នៃប្រព័ន្ធស្វ័យប្រវត្តិកម្មថ្មីសម្រាប់ ការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ និងការចុះបញ្ជីពាណិជ្ជកម្ម ដែលនឹងដាក់ឲ្យដំណើរការជាសាធារណៈនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦សម្រាប់ការដាក់ពាក្យស្នើសុំ ។
ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានកត់សម្គាល់អំពីសារសំខាន់នៃយុទ្ធសាស្ត្រគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ដែលបានអនុម័តនាពេលថ្មីៗនេះ ដើម្បីអភិវឌ្ឍន៍ប្រទេសឲ្យឈានឡើងមួយកម្រិតទៀត។ នៅក្នុងអំឡុងពេលនៃការធ្វើបទបង្ហាញ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបក ស្រាយលម្អិតអំពីរបៀបដែលកម្ពុជានឹងទទួលបានអត្ថប្រយោជន៍ពីសហគមន៍សេដ្ឋកិច្ចអាស៊ាន និងអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាបានត្រៀមរៀបចំខ្លួន និងធ្វើការដោះស្រាយឆ្លើយតប ដើម្បីប្រកួតប្រជែងជាមួយបណ្តាប្រទេសអាស៊ានផ្សេងទៀត៕
ប្រភព៖ ទំព័រក្រសួងពាណិជ្ជកម្ម