ព្រៃវែង៖ នាព្រឹកថ្ងៃ ទី១៧ ខែ ធ្នូ ឆ្នាំ ២០១៥ លោក ហ៊ឹម សុផល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីសម្ពោធ អាគារសិក្សា១ខ្នងមាន៤បន្ទប់ ស្ថិតនៅភូមិមេបុណ្យ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
ពិធីនេះដែរ ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ មន្ទីរអប់រំយុវជនខេត្ត ស្រុក លោកអភិបាលស្រុក អធិការនគរបាលស្រុក កងរាជអាវុធហត្ថស្រុក លោកមេឃុំ មេភូមិ លោកគ្រូ អ្នកគ្រូ ដែលបង្រៀននៅសាលាបឋមសិក្សា មេបុណ្យ ប្រជាពលរដ្ឋ លោកយាយ លោកតា និងសិស្សានុសិស្ស ប្រមាណ ៥៥០នាក់។
បន្ទាប់ពី លោក តាន់ ណាំកាល់ នាយកអង្គការ រូមធូរីត បានគួសបញ្ជាក់អំពីដំណើរការសាងសង់អាគារសិក្សានេះដោយពិនិត្យឃើញថា នៅក្នុងឃុំមេបុណ្យ មានការកង្វះអាគារសិក្សា ហើយប្រជាពលរដ្ឋបានលើកឡើងថា កុមារនៅក្នុងភូមិមេបុណ្យ ភាគច្រើនអត់សាលារៀនទៅធ្វើស្រែចំការ គង្វាលគោដើរលេង ដូចនេះទើបប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានឃុំ ភូមិ បានលើកសំណើសុំ តាមរយៈលោកអភិបាលស្រុក ការិយាល័យអប់រំយុវជននិងកីឡាស្រុកទៅអង្គការ ទើបអង្គការបានផ្ដល់ជូននិងសាងសង់រួចជាស្ថាពរនេះ ។
ចំពោះការសាងសង់នេះ បានចំណាយអស់ទឹកប្រាក់ប្រមាណ ៣៤,៤៩៩ ដុល្លារសហរដ្ឋអាមេរិក ក្នុងនោះរួមមានថវិកាអង្គការចំនួន ២៩,៤៩៩ ដុល្លារ និងបដិភាគមូលដ្ឋាន ៥០០០ដុល្លា។
បន្ទាប់មកលោក ហ៊ឹម សុផល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង បានមានមតិសំណេះសំណាលទៅកាន់សមាជិកសមាជិកា និងអរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ រូមធូរីត ព្រមទាំងសប្បុរសជន ដែលបានស្វះស្វែង ជួយឧបត្ដម្ភសមិទ្ធផលខាងលើនេះ ដែលជាការចូលរួមចំណែកជាមួយរដ្ឋាភិបាលលើវិស័យអប់រំ ដើម្បីលុបបំបាត់អនក្ខរភាពនៅក្នុងសង្គម និងអនុវត្តតាមគោលនយោបាយដឹកនាំ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ដែលសម្ដេចតែងតែផ្ដោតសំខាន់លើប្រព័ន្ធអប់រំនៅកម្ពុជា ដើម្បីកាត់បន្ថយអត្រាអ្នកមិនចេះអក្សរ អោយខានតែបាននៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
លោកប្រធានមន្ទីរបានផ្ដល់ប័ណ្ណសរសើរ ដល់លោកប្រធានអង្គការ រូមធូរីត និងសប្បុសជនក្នុងស្រុក ដែលបានចូលរួមផ្ដល់ជាថវិកាក្នុងការសាងសង់អាគារនេះឡើង ព្រមទាំងថ្លែងអំណរគុណចំពោះបងប្អូននិងប្រជាពលរដ្ឋ អាជ្ញាធរ លោកគ្រូ អ្នកគ្រូ ដែលបានចំណាយពេលចូលរួមក្នុងពិធីនេះប្រកបដោយភាពសោមនស្សរីករាយ៕