នៅចន្លោះទសវត្សរ៍ ៥០ ដល់ទសវត្សរ៍ ៦០ ក្រោមការដឹកនាំ និងទស្សនៈវិស័យរបស់ សម្តេច សីហនុ ដែលជាប្រមុខរដ្ឋ ក្នុងសម័យសង្គមរាស្ត្រនិយម រាជធានីភ្នំពេញ បានផ្លាស់ប្តូរមុខមាត់យ៉ាងឆាប់រហ័ស ដោយមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ វិមាន និង អគារថ្មីៗជាច្រើនឥតគណនា។ ទន្ទឹមនឹងនោះដែរ នៅរវាងពីឆ្នាំ ១៩៥៣ ដល់ ១៩៧០ ប្រជាជននៅក្នុងភ្នំពេញ បានកើនឡើងត្រីដង ពី ៣៧០ ០០០នាក់ ដល់ ១លាននាក់។
ការកើនឡើងដ៏គំហុក នៃចំនួនប្រជាជនក្នុងទីក្រុងនេះ បាននាំអោយមានតម្រូវការជាបន្ទាន់ នូវដំណោះស្រាយផ្ទះស្នាក់នៅ។ នៅឆ្នាំ ១៩៦១ សម្តេច សីហនុ បានប្រគល់ព្រះរាជលិខិត ទៅកាន់អភិបាលក្រុង ទេព ផន ដោយបានរៀបរាប់ថា “ជាចុងក្រោយ រាជធានីរបស់យើង ត្រូវតែដោះស្រាយជាមួយនឹងបញ្ហាកំណើនប្រជាជន នៅក្នុងទីក្រុង។ យើងត្រូវចាប់ផ្តើមកសាងអគារបែបបន្ទប់ច្រើនជាន់ ដែលមានតម្លៃថោក សម្រាប់ជួល ឬលក់ដល់គ្រួសារ ដែលមានចំណូលទាបទៅមធ្យម។ ការកសាងនេះ ជាចាំបាច់ទាមទារពេលវេលា និងត្រូវការផែនការនិងវិនិយោគទុនមានប្រសិទ្ធិភាព”។
នៅក្នុងចំណោមការឆ្លើយតប ទៅនឹងព្រះរាជប្រកាសនេះគឺ គម្រោងអគារប៊ូឌីញ (ឈ្មោះដើម អគារស្នាក់នៅសាលាក្រុង) ដែលជាផ្នែកមួយនៃគម្រោងដ៏ធំសម្បើមគឺ មជ្ឈមណ្ឌលវប្បធម៌ មាត់ទន្លេបាសាក់ ដែលបានសាងសង់នៅលើដី ចាក់បំពេញវាលលិចទឹក តាមបណ្តោយទន្លេបាសាក់។ អគារនេះ ត្រូវបានរចនាដោយស្ថាបត្យករខ្មែរ លោក លូ បានហាប់ ជាមួយនឹង ស្ថាបត្យកររុស្ស៊ី លោក ឡាឌីម៊ា បូឌៀនស្គី (Vladimir Bodiansky) ហើយត្រូវបានសម្ពោធអោយប្រើប្រាស់នៅឆ្នាំ ១៩៦៣។ អគារប៊ូឌីញ ពេលនោះមានចំនួន ៤៦៨បន្ទប់ និងជាការសាកល្បងមួយ ក្នុងការផ្តល់ជូនដល់ប្រជាជនមានចំណូលទាបទៅមធ្យម នូវការរស់នៅក្នុងអគារ បន្ទប់ច្រើនជាន់បែបទំនើប នៅក្នុងទីក្រុង។
ក្នុងអំឡុងពេល ២ទសវត្សរ៍ចុងក្រោយនេះ អគារចាស់ៗក្នុងទីក្រុងភ្នំពេញជាច្រើន ត្រូវបានផ្លាស់ប្តូរ ឬក៏កំទេចចោល នៅក្នុងដំណើរការអភិវឌ្ឍន៍ក្រុង។ ប៉ុន្តែ អគារប៊ូឌីញ គឺជាអគារមួយក្នុងចំណោមអគារចាស់ៗមួយចំនួន ដែលនៅប្រឹងពុះពារឈរ ក្នុងបរិយាកាសមិនផ្លាស់ប្តូរនេះ។
ជាមួយគ្នានោះដែរអភិបាលរាជធានី ភ្នំពេញ ឯកឧត្តម ប៉ា សុជាតិវង្ស កន្លងមកធ្លាប់បានលើកឡើងពី ស្ថានភាពនៃសំណង់អគារប៊ូឌីញនេះថា មានលក្ខណៈចាស់ទ្រុឌទ្រោម និងពុកផុយ ដែលអាចបង្កគ្រោះថ្នាក់ បាក់ស្រុតនៅថ្ងៃណាមួយ ហើយអាចនឹងបង្កប៉ះពាល់ដល់សុវត្ថិភាព នៃការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ។
លើសពីនេះរាជរដ្ឋាភិបាល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងតំបន់នោះ ដែលមានបំណងចង់ផ្លាស់ប្ដូរលំនៅឋានចេញពី អគារនោះដោយស្ម័គ្រចិត្ត អាចមកជួបពិភាក្សាជាមួយអាជ្ញាធររាជធានីបាន ដោយអាជ្ញាធរនឹងជួយអន្តរាគមន៍ រកអគារផ្ទះល្វែងបុរីរុងរឿង ដែលស្ថិតក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណប ជ្រោយចង្វារ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលសំណង់អគារផ្ទះល្វែងបុរីរុងរឿងនេះ សាងសង់ដោយក្រុមហ៊ុន OCIC ស្របតាមស្ដង់ដារបច្ចេកទេសត្រឹមត្រូវ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញក៏ធ្លាប់ជជែកពិភាក្សាអំពី គម្រោងអភិវឌ្ឍន៍ក្រុងនៅតំបន់ប៊ូឌីញនេះដែរ ប៉ុន្តែមិនមានដំណោះស្រាយរហូតមកទល់ពេលនេះ សាលារាជធានីភ្នំពេញ ពុំមានផែនការណាមួយ ក្នុងការផ្លាស់ប្ដូរលំនៅឋានប្រជាពលរដ្ឋ ឬ វាយរំលំអគារប៊ូឌីញនេះនៅឡើយទេ៕
ប្រភព៖ BusinessCambodia