កំពង់ចាម៖ គំរោងមត្តេយ្យសិក្សាសហគមន៍ទូទាំងខេត្តកំពង់ចាមកំពុងមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីមន្ទីរអប់រំ យុវជន និងកីឡាខេត្ត រួមទាំងអង្គការដៃគូអភិវឌ្ឃន៍ម្ចាស់ផ្ដល់ជំនួយនិងគណៈកម្មាធិការជាតិអភិវឌ្ឃន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គជអប) គំរោងនេះបានចាប់បដិសន្ធិនៅពាក់កណ្ដាលឆ្នាំ២០១៣ ក្រោមកិច្ចសហការរវាងក្រសួងអប់រំយុវជននិងកីឡា អង្គការយូនីសេហ្វ ដែលជាម្ចាស់ជំនួយ និងស្របតាមផែនការវិនិយោគឃុំប្រចាំឆ្នាំ ដែលបានស្នើឡើង។
នៅទូទាំងខេត្តកំពង់ចាមមានមត្តេយ្យសិក្សាសហគមន៍ប្រមាណ៤០ថ្នាក់និងមានគ្រូបំរើការស្ម័គ្រចិត្តបង្រៀនស្របតាមកម្មវិធីរបស់ក្រសួងអប់រំ ហើយបានបណ្ដុះបណ្ដាលជំនាញ ការផ្គត់ផ្គង់សំភារៈទៅតាមទំហំនៃសាលានីមួយៗនៅឆ្នាំ២០១៣ លើការឧបត្ថម្ភប្រាក់ជូនគ្រូស្ម័គ្រចិត្ត សរុបប្រមាណពី ៨០,០០០រៀល ទៅ ១០០,០០០រៀល ទៅតាមកញ្ចប់ថវិការបស់ឃុំដែលមាន ក្នុងនោះមានអង្គការយូនីសេហ្វ ៥០,០០០រៀល និងបដិភាគឃុំ ៥០,០០០រៀល។
ពាក់ព័ន្ធគំរោងខាងលើនេះសូមបង្ហាញជូននូវរបៀបរបបការងាររបស់មត្តេយ្យសហគមន៍ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម៖ ឃុំល្វេ ស្ថិតនៅតាមដងទន្លេតូច តាមបណ្ដោយផ្លូវមានចំងាយប្រមាណ១២ គីឡួមែត្រ ពីសាលាស្រុកកោះសូទិន ចែកចេញជា១០ភូមិ ប្រជាពលរដ្ឋមានចំនួន ២,៤៥៧គ្រួសារ ចំនួនមនុស្សសរុប ១១,៧៥៦ នាក់ ស្រី៥៦៦៧នាក់ មានជនជាតិឥស្លាម ២គ្រួសារ (ស្ថិតិ២០១៣) ។
ឃុំល្វេ មានផ្ទៃដីរួម ២,៨៥៩ហត ស្មើនឹង ២៨,៥៩ គីឡូម៉ែត្រក្រឡា ប្រជាពលរដ្ឋប្រកបរបរ កសិកម្ម៨០ភាគរយ សិប្បកម្មតំបាញ៧ភាគរយ នេសាទ៥ភាគរយ លក់ដូរ៣ភាគរយ ផ្សេងៗ៥ភាគរយ ។
ចាប់តាំងពីមានការបោះឆ្នោតក្រុមប្រឹក្សាឃុំ៣អណត្តិ គណបក្សប្រជាជនកម្ពុជាមានសំលេងនាំមុខឈ្នះជាមេឃុំ ធ្វើឲ្យមានការអភិវឌ្ឍន៍គ្រប់វិស័យ ដែលជាសក្ដានុពលនិងធនធានមួយចំនួនដែលមាននៅក្នុងឃុំ ដោយមានការចូលរួមពីថ្នាក់ជាតិ ខេត្ត ស្រុក អង្គការស្ថាប័នពាក់ព័ន្ធផ្សេងៗ លើការងារសន្តិសុខសណ្ដាប់ធ្នាប់ អនុវត្តតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដែលមានគណៈបញ្ជាការឯកភាពរដ្ឋបាលឃុំ មេឃុំ ក្រុមប្រឹក្សាឃុំ នគរបាល មេភូមិ ប្រជាពលរដ្ឋធ្វើឲ្យមានការថយចុះបទល្មើសគ្រប់ប្រភេទ តែនៅមានបទល្មើសបន្តិចបន្តួច ទោះជាយ៉ាងណាក៏អាជ្ញាធរសមត្ថកិច្ចនឹងមានវិធានការបន្ត។
លើវិស័យអប់រំ ៖ ឃុំមានអនុវិទ្យាល័យ១ខ្នង បឋមសិក្សា៦កន្លែង ប្រមាណ៤២បន្ទប់ មានមត្តេយ្យសហគមន៍១ ដែលមានការឧបត្ថម្ភដោយអង្គការយូនីសេហ្វ កាលពីឆ្នាំ២០១៣ ជួយលើសំភារៈគ្រូ កុមារ សំភារៈតុបតែងបន្ទប់រៀន។ ថ្នាក់ឃុំបានរៀបចំគណៈកម្មការមានជនបង្គោលនារីកុមារឃុំ មេភូមិ អ្នកទទួលផល ។
យោងតាមរបាយការណ៍ត្រួសៗរបស់អ្នកគ្រូស្ម័គ្រចិត្តបានឲ្យដឹងថា បច្ចុប្បន្នអ្នកគ្រូបានទទួលប្រាក់ឧបត្ថម្ភពីអង្គការយូនីសេហ្វ ១០០,០០០រៀល ឃុំបដិភាគ ៥០,០០០រៀល តែទោះជាប្រាក់នេះតិចតួចក្ដីក៏ស៊ូបង្រៀន ត្បិតតែ ជីវភាពក្រីក្រក៏ដោយ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឃសង្គម ហើយណាមួយអ្នកគ្រូស្រលាញ់ជំនាញនេះ និងអាណិតក្មេងៗ ឆ្លៀតពេលមកបង្រៀន២ម៉ោងតាមកម្មវិធី ។
អ្នកគ្រូបានបន្ថែកទៀតថា បច្ចុប្បន្នមានសិស្សសរុប ៤០នាក់ ស្រី២៣នាក់ មកពីភូមិទំពូង ភូមិព្រែកគល់ កុមារមានអាយុ៣ ទៅ៥ឆ្នាំ សាលាបានទទួលការសរសើរពីមន្ទីរអប់រំ និងអង្គការ លើការបង្រៀន រក្សាចំនួនសិស្សថេរបានល្អ លើស្រុកដទៃក្នុងខេត្ត ។
អ្នកគ្រូបានសំណូមពរដល់អង្គការស្ថាប័នសប្បុរសជន មេត្តាជួយឧបត្ថម្ភ បន្ថែមទៀតលើប្រាក់ខែសព្វថ្ងៃ ១៥០០០០រៀល នេះ ហើយសព្វថ្ងៃនេះអាណាព្យាបាលបានសហការជួយឧបត្ថម្ភសិស្សម្នាក់ ៣,០០០រៀល ក្នុង១ខែ ដោយអាណិតអ្នកគ្រូពេក ។
សំណើខាងលើនេះត្រូវបានក្រុមប្រឹក្សាឃុំយកទៅប្រជុំពិភាក្សានិងបញ្ជូនបន្តទៅថ្នាក់លើបន្ថែមទៀត៕