លោក សោម សម្បត្តិ ដែលជាអគ្គនាយកគ្រប់គ្រង និងជាម្ចាស់សហគ្រាសផលិតថ្នាំពណ៌ម៉ាក Campaint បានរៀបរាប់ពីតិចនិកជាច្រើន ក្នុងការធ្វើអាជីវកម្ម ធ្វើការងារក្នុងក្រុមហ៊ុន ឬកំពុងសិក្សា ដើម្បីទទួលបានភាពជោគជ័យ។ អគ្គនាយកនៃសហគ្រាសខាងលើ បានថ្លែងក្នុងសិក្ខាសាលា “ឳកាសសម្រាប់សហគ្រិនកម្ពុជា និងទីផ្សារអាស៊ាន” កាលពីពេលថ្មីៗនេះថា លោកមានពាក្យ ៥ម៉ាត់ ដើម្បីទទួលបានភាពជោគជ័យ សម្រាប់ផ្ដល់ជូនយុវជនកម្ពុជា ក្នុងនោះរួមមាន៖
១. ជំនឿចិត្ត៖ ជំនឿចិត្ត កើតចេញពីការតាំងចិត្ត និងឆន្ទៈរបស់បុគ្គលម្នាក់ៗ ពោលគឺ ស្ដែងចេញពីការចង់ធ្វើអ្វីមួយដោយខានមិនបាន និងកំណត់លើខ្លួនថា លោកអ្នកជឿជាក់យ៉ាងមុតមាំ លោកអ្នកអាចធ្វើវាបានក្នុងថ្ងៃណាមួយ។ ឧទាហរណ៍ ដូចជាលោក Jack Ma មហាសេដ្ឋីជនជាតិចិន កាលពីកុមារភាពគ្រួសារលោកមិនមានសមត្ថភាព បញ្ជូនលោកទៅសាលារៀនភាសាអង់គ្លេស ដោយភាពចង់ចេះ ចង់ដឹង និងជឿជាក់ លោកក៏ពុះពារគ្រប់ឧបសគ្គ ដើម្បីចេះនិយាយភាសាអង់គ្លេសបាន គាត់តែងតែទៅស្ដាប់ និងរៀននិយាយភាសាអង់គ្លេស ជាមួយជនជាតិបរទេសអស់រយៈពេល ៥ឆ្នាំ ទើបសម្រេចក្ដីបំណង។
២. ចំណង់ចិត្ត៖ ចំណង់ចិត្ត គឺភាពចង់បាន ចង់ធ្វើ ចង់ឈ្នះ ចង់ជោគជ័យ ប៉ុន្តែចំណង់ចិត្តរបស់បុគ្គលម្នាក់ មានទំងន់មិនសើ្មគ្នាទេ អ្នកខ្លះចង់ធ្វើបានតែគ្រាដំបូង ដោយសារតែឃើញគេជោគជ័យ អ្នកខ្លះចង់ដែរ តែខ្លាចបរាជ័យ។ ដូចជាការចង់បានអាហារូបករណ៍ ទៅសិក្សានៅក្រៅប្រទេស លោកអ្នកត្រូវការវាដល់កម្រិតណា? សំនួរនេះលោកអ្នកត្រូវសួរខ្លួនឯង ហើយប្រសិនបើលោកអ្នកគ្រាន់តែចង់បានអាហារូបករណ៍លំៗ តាមគេតាមឯងនោះ មានន័យថាកម្រិតនៃការចង់បានរបស់លោកអ្នកនៅផុយស្រួយ តែប្រសិនបើការចង់បានរបស់លោកអ្នក វាធ្វើឲ្យលោកអ្នកដល់ថ្នាក់គេងមិនលក់ នឹកឃើញរាល់យប់ដល់អស់កម្លាំងនោះ ទើបមានន័យថាចំណង់របស់លោកអ្នកខ្លាំង អាចបន្តសកម្មភាពយកឈ្នះទៅមុខទៀតបាន។
៣. ចំណេះដឹង៖ ចំណុចនេះសំខាន់ណាស់ ចំណេះដឹង គឺជាពន្លឺនៃជីវិត មិនថាលោកអ្នកជាអ្នកណា មកពីណាឡើយ បើគ្មានចំណេះដឹងជាមូលដ្ឋាន គ្មានអ្នកណាត្រូវការលោកអ្នកនោះទេ។ លោកអ្នកត្រូវបង្កើនចំណេះដឹងរាល់ថ្ងៃ មិនថាតិច ឬច្រើនឡើយ ត្រូវតែចាប់វាឲ្យបាន ហើយសូមចងចាំថា ការសិក្សារៀនសូត្រ គឺគ្មានដែនកំណត់ទេ ទោះនៅទីណានៅកន្លែងណាក៏ដោយ ក៏លោកអ្នកអាចរៀនបានដែរ ឲ្យតែហ៊ានពុះពារធ្វើវា គ្មានអ្វីថាមិនអាចធ្វើបាននោះទេ កុំឲ្យតែបោះបង់វា នោះជោគជ័យនឹងនៅក្នុងដៃលោកអ្នកជាមិនខាន។
៤. ជំនាញ៖ ក្នុងចំនុចនេះ ខ្ញុំសូមលើកយកពាក្យចាស់បុរាណមួយឃ្លា លោកពោលថា “ចេះដប់មិនស្មើប្រសព្វចេះមួយ” ក្នុងឃ្លានេះវាជាពិតត្រឹមត្រូវណាស់ មុននឹងលោកអ្នកចាប់ផ្ដើមធ្វើការងារ លោកអ្នកត្រូវស្វែងយល់ពីខ្លួនឯងជាមុនសិន ថាខ្លួនមានជំនាញអ្វី និងចង់ធ្វើអ្វី ហើយកុំស្ដាប់អ្នកដទៃច្រើនជាងគំនិតនៅក្នុងខ្លួនឯង ព្រោះមានតែខ្លួនឯងទេ ដែលអាចដឹងច្បាស់ពីទេពកោសល្យដែលខ្លួនមាន។
៥. សេចក្ដីក្លាហាន៖ សេចក្ដីក្លាហាន ក៏ស្ថិតនៅក្នុងជំនឿចិត្តផងដែរ គ្រាន់តែវាជាកម្លាំងថាមពលម្យ៉ាង ដែលជម្រុញចិត្តលោកអ្នក ឲ្យហ៊ានធ្វើកិច្ចការដ៏លំបាកបំផុត៕
ប្រភព៖ BusinessCambodia