ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ បុរសម្នាក់មានឈ្មោះ ណុប ប៊ុនណា អាយុ៤៨ឆ្នាំ មានមុខរបរចិញ្ចឹមមាន់ ស្នាក់នៅភូមិបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានយកសត្វពស់ថ្លាន់១ក្បាលប្រវែង២ម៉ែត្រ ទំងន់ ១៥គីឡូក្រាមប្រគល់ជូនមន្ត្រីអភិរក្សសត្វព្រៃ ។
យោងតាមការរៀបរាប់របស់បុរសនេះបានអោយដឹងថា ពស់ថ្លាន់នេះគាត់ចាប់បានតាំងពីថ្ងៃ១៦ ខែធ្នូ ឆ្នាំ២០១៥ មកម្លេះ នៅត្រង់បឹងក្រោយផ្ទះគាត់ នៅពេលដែលរូបគាត់តាមដានថាសត្វពស់នេះតែងតែមកចាប់មាន់គាត់ស៊ីសឹងតែរាល់ថ្ងៃ អស់មាន់ប្រមាណ៥ក្បាល លុះនៅវេលាម៉ោងប្រហែលជាង៣ល្ងាច គាត់អង្គុយចាំមើលនៅត្រង់ចំណុចបឹង ស្រាប់តែឃើញសត្វពស់ថ្លាន់នេះកំពុងយាយីនឹងបំរុងចាប់មាន់ស៊ី ពេលនោះគាត់ឃើញហើយបានចាប់ពស់ថ្លាន់នោះដាក់ក្នុងការ៉ុងទុកដោយមិនប្រាប់នរណាអោយដឹង ដោយហេតុថាខ្លាចគេចាប់ស៊ី ។
លុះនៅថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ២០១៥ គាត់ក៏បានយកមកប្រគល់ជូនមន្ត្រីអភិរក្សសត្វព្រៃ។ ក្នុងឱកាសនោះមន្ត្រីអភិរក្សសត្វព្រៃបានថ្លែងអំណរគុណចំពោះលោក ណុប ប៊ុនណា ដែលលោកយល់ដឹងអំពីធនធានបរិស្ថាន និងសត្វព្រៃហើយនេះជាគំរូល្អដល់ពលរដ្ឋទូទៅ ក្នុងការចូលរួមចំណែក ថែររក្សាធនធានធម្មជាតិ ដើម្បីអភិវឌ្ឃន៍សង្គម និងទប់ស្កាត់ការបំផ្លាញសត្វព្រៃនៅប្រទេសកម្ពុជា៕