ភ្នំពេញ៖ ឯកឧត្តម អង្គ វង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កំពុងជួបប្រជុំជាមួយប្រធានតុលាការ ព្រះរាជអាជ្ញា និងកងកម្លាំងសមត្ថកិច្ច ទូទាំងប្រទេសនាព្រឹកថ្ងៃអង្គារនេះ ដើម្បីពិភាក្សាពី កិច្ចសហការអនុវត្តច្បាប់ រវាងតុលាការ អយ្យការ និងនគរបាលយុត្តិធម៌ ក្នុងការងារពង្រឹងសន្តិសុខសាធារណៈ បង្ការ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា កិច្ចប្រជុំនៅថ្ងៃនេះគឺដើម្បីពង្រឹងកិច្ចសហការគ្នារវាងក្រសួង និងសមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ក្នុងការរិះរកមធ្យោបាយ បង្ការ និងបង្ក្រាប អំពើចោរកម្មរួមគ្នា ឲ្យទាន់ពេលវេលា ។
កាលពីថ្ងៃ១៨ ធ្នូ ឯកឧត្តម អង្គ វង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានស្នើដល់ព្រះរាជអាជ្ញាទូទាំងប្រទេស ចាត់វិធានការឲ្យបានម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ ដើម្បីបង្ការ និងបង្ក្រាបអំពើលួច ឆក់ ប្លន់ សម្លាប់ ដែលបានកើតមានឡើងផ្តួនៗគ្នា ក្នុងរយៈពេលចុងក្រោយនេះ។
ឯកឧត្តមរដ្ឋមន្រី្ត ក៏បានជំរុញឲ្យព្រះរាជអាជ្ញានៅទូទាំងប្រទេស យកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការអនុវត្តច្បាប់ និងផ្តោតលើកិច្ចសហការជាមួយនឹងស្ថាប័នសន្តិសុខនានា ដូចជាមន្ត្រីនគរបាលយុត្តិធម៌ នគរបាលជាតិ កងរាជអាវុធហត្ថ ដើម្បីទប់ស្កាត់និងបង្ក្រាប បទល្មើសព្រហ្មទណ្ឌ ជាពិសេសអំពើលួច ឆក់ ប្លន់ សម្លាប់ គ្រឿងញៀន ក្នុងគោលដៅពង្រឹងសន្តិសុខសាធារណៈ ជូនប្រជាពលរដ្ឋ៕
ប្រភព៖ thmeythmey