សៀមរាប៖ តំបន់ឧទ្យានជាតិព្រះបាទជ័យវរ្ម័ន-នរោត្តម ភ្នំគូលែនត្រូវបានក្រុមហ៊ុននគរគោកធ្លករបស់ អ្នកឧកញ៉ា សៀង ណាំ ដែលទទួលបានសិទ្ធិវិនិយោគ សម្រេចបញ្ចប់ការវិនិយោគរបស់ខ្លួន និងស្ម័គ្រចិត្តប្រគល់ជូនក្រសួងបរិស្ថានគ្រប់គ្រងវិញ បន្ទាប់ពីមានការសម្របសម្រួល និងឯកភាពគ្នារវាងក្រសួងបរិស្ថាន និងក្រុមហ៊ុននគរគោកធ្លកកាលពីពេលថ្មីៗនេះ។
ក្រសួងបរិស្ថានជាអ្នកគ្រប់គ្រងតំបន់ឧទ្យានជាតិនេះ ហើយស្ថាប័នពាក់ព័ន្ធនានាក្នុងនោះមានអាជ្ញាធរអប្សរានឹងទទួលភារកិច្ចក្នុងការពង្រឹងការងារគ្រប់គ្រង អភិរក្សនិងអភិវឌ្ឍបេតិកភ័ណ្ឌ និងទេសចរណ៍ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ និងធម្មជាតិនៅភ្នំគូលែននេះ ដើម្បីសម្រួលដល់ការធ្វើដំណើរឡើងចុះរបស់ប្រជាជនអ្នកអភិរក្ស អ្នកស្រាវជ្រាវ និងភ្ញៀវទេសចរអាជ្ញាធរអប្សរា នឹងធ្វើការសាង់សង់ផ្លូវចុះពីចំណុចព្រះអង្គធំ ព្រមទាំងជួសជុលហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា។
នៅចំពោះមុខនេះ ដោយធ្វើកិច្ចសហការជាមួយក្រសួងស្ថាប័នមានសមត្ថកិច្ចក្នុងនោះ រួមមាន៖ អាជ្ញាធរពាក់ព័ន្ធសំខាន់ៗជាចម្បង គឺ សាលាខេត្តសៀមរាប យោធភូមិភាគ៤ និងអាជ្ញាធរមូលដ្ឋានក្រសួងបរិស្ថាន ដឹកនាំគណៈកម្មការវាយតម្លៃនិងដោះស្រាយការផ្ទេរចុះពីលើភ្នំ នូវកងទ័ព គ្រួសារកងទ័ព និងប្រជាជនទាំងអស់ដែលបានចូលទៅតាំងទីលំនៅលើភ្នំជាលក្ខណៈអាណាធិបតេយ្យនាពេលកន្លងទៅ។
សូមបញ្ជាក់ថា គណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានអង្គរ (ICC Angkor) បានកោតសរសើរ និងលើកទឹកចិត្តដល់ក្រសួងបរិស្ថាន ដើម្បីអនុវត្តគម្រោង ក្នុងការអភិវឌ្ឍផែនការមេក្នុងការគ្រប់គ្រង និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យទេសចរណ៍ ប្រកបដោយចីរភាពក្នុងតំបន់ឧទ្យានជាតិព្រះបាទជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន នៅក្នុងពេលបើកកិច្ចប្រជុំបច្ចេកទេសលើកទី២៥ និងប្រជុំពេញអង្គលើកទី២២របស់ខ្លួន កាលពីថ្ងៃទី០២-០៣ ខែធ្នូ ឆ្នាំ២០១៥ នាសាលសន្និសីទអង្គរមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា៕ ដោយ មែន កំសត់