ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានប្រតិកម្មច្រានចោលទៅ នឹងការលើកឡើងរបស់ មហាជនមួយចំនួនដែលថាអាវុធដែលក្រុមចោរប្លន់ប្រើប្រាស់កន្លងមក គឺមានការទិញ-លក់ចេញពីឃ្លាំងក្រសួងការពារជាតិ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ បានបង្ហាញប្រតិកម្មបែបនេះនៅក្នុងអង្គសន្និសិទសារព័ត៌មានមួយក្រោយកិច្ចប្រជុំស្តីពី កិច្ចសហការអនុវត្តច្បាប់រវាងតុលាការ អយ្យការនិងនគរបាលយុត្តិធម៌ ក្នុងការងារពង្រឹងសន្តិសុខសាធារណៈ បង្ការនិងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ នាព្រឹកថ្ងៃទី២២ ខែធ្នូ នៅទីស្តីការក្រសួងយុត្តិធម៌ ។
ដោយផ្អែកតាមចំលើយជាច្រើនដែលក្រុមចោរប្លន់ប្រដាប់អាវុធ បានសារភាពកន្លងមក គឺពួកគេមិនបានប្រើប្រាស់អាវុធចេញពីឃ្លាំងរបស់ក្រសួងការពារជាតិទេ ពោលគឺភាគច្រើនអាវុធដែលក្រុមចោរប្លន់ប្រើប្រាស់នោះ បានមកពីមិត្តភក្តិគូកនបនភឿនរបស់ពួកគេ និងបានមកពីក្រុមចោរដែលប្រព្រឹត្តសកម្មភាពរួចបន្សល់អោយយកទៅលាក់ទុកនិងម្យ៉ាងទៀតបានមកពីការលួចទិញពីបក្សពួករបស់គេជាដើម។
បើតាមរបាយការណ៍របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ នៅក្នុងឆ្នាំ២០១៥ បទល្មើសព្រហ្មទណ្ឌ ដែលនគរបាលចាប់ឃាត់បញ្ជូនទៅតុលាការរួមមាន អំពើលួចមាន១០៣៨ករណី អំពើឆក់មាន៩ករណី អំពើប្លន់មាន២៩០០ករណី និងបទល្មើសគ្រឿងញៀន ចំនួន៤៣០ករណី។ ក្នុងចំនួនបទល្មើសនោះបើប្រៀបធៀបនឹងឆ្នាំ២០១៤ គឺបទល្មើសលួច ឆក់ ប្លន់មានការថយចុះ១៤%៕ ដោយ មែន កំសត់