ប្រទេសកម្ពុជា នឹងទទួលរងនូវឥទ្ធិពលបាតុភូត El Nino ក្តៅហួតហែង រយៈពេល៦ខែ ពីខែកុម្ភៈ ដល់ ចុងខែមិថុនា ឆ្នាំ២០១៦ខាងមុខនេះ ដែលកម្រនឹងកើតមានពីមុនមក នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ សាលារាជធានីភ្នំពេញ។ ជាងនេះទៀត ឥទ្ធិពលនៃបាតុភូត El Nino អាចបង្កឲ្យរដូវវស្សាមកដល់យឺត ហើយនៅដើមរដូវវស្សា មានភ្លៀងធ្លាក់តិច មានបាតុភូតផ្គររន្ទះ ខ្យល់កន្ត្រាក់កើតឡើងច្រើន កម្រិតសីតុណ្ហភាពអតិបរមាកើនឡើង និងអាកាសធាតុក្ដៅហួតហែង។ល។
ពាក់ព័ន្ធករណីខាងលើនេះ អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា បានចេញមកពន្យល់ថា ឥទ្ធិពលនៃបាតុភូត El Nino កើតមានឡើង ដោយសារតែការកើនឡើងសីតុណ្ហភាពអតិបរមា លើផ្ទៃសមុទ្រចិនខាងត្បូង និងនៅលើផ្ទៃសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច ដែលវាបានជះឥទ្ធិពល នៅតាមបណ្តាប្រទេសមួយចំនួនទៀត ក្នុងក្របខណ្ឌតំបន់ មិនមែនតែប្រទេសកម្ពុជានោះទេ។
លោក ចាន់ យុត្ថា បានបញ្ជាក់ថា ចាប់ពីចុងខែមេសា ដល់ចុងខែ មិថុនា រាល់ឆ្នាំមានភ្លៀងធ្លាក់ជោគជាំដោយសារឥទ្ធិពលប្រព័ន្ធខ្យល់មូសុងនិរតី ប៉ុន្តែក្រោយទទួលឥទ្ធិពលនៃបាតុភូត El Nino ខាងមុខនេះ ឥទ្ធិពល El Nino នោះបានគ្របដណ្តប់ទៅលើប្រព័ន្ធខ្យល់មូសុងនីរតី ធ្វើឲ្យកម្រិតទឹកភ្លៀងធ្លាក់ តិចតួចបំផុត។
អាស្រ័យហេតុនេះ កម្ពុជានឹងប្រឈមបញ្ហាកង្វះខាតទឹក សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ នៅតាមតំបន់មួយចំនួន ហើយរហូតដល់ពាក់កណ្ដាលខែកក្កដា ឆ្នាំ ២០១៦ ទើបបាតុភូតនេះ ត្រលប់មកប្រសើរឡើងវិញ។
យោងតាមការព្យាករណ៍ពីស្ថានភាពអាកាសធាតុដូចខាងលើ រាជរដ្ឋាភិបាលបានធ្វើការណែនាំដូចតទៅ៖
១. ការងារបង្កបង្កើនផលស្រូវប្រាំងក្នុងឆ្នាំ ២០១៥-២០១៦ អាចធ្វើបានតែ ១ដងប៉ុណ្ណោះ ដោយមិនអាចធ្វើស្រូវប្រាំងលើកទី ២បានទេ ទោះបីជាទឹកតាមបណ្តាអាងដែលបានរក្សាទុក និងកន្លែងមួយចំនួនដែលមានទឹកជាធម្មជាតិក៏ដោយ គួរគប្បីរក្សាទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការដាំដំណាំផ្សេងទៀតក្រៅពីស្រូវ។
២. ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមចាត់វិធានការថែរក្សាទឹកទុកឲ្យបានល្អ ដើម្បីផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់ ប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់ពេលមានភ្លៀងធ្លាក់៕