ភ្នំពេញ៖ ក្រុមមន្ត្រី ជលផលបានឲ្យដឹងថា ការប្រមូលទិន្នផលត្រីឆ្នាំនេះ សម្រាប់ត្រីប្រហុក មានការកើនឡើង បើប្រៀបធៀបជាមួយឆ្នាំទៅ ប៉ុន្តែសម្រាប់ត្រីធំៗ បានធ្លាក់ចុះគួរឲ្យព្រួយបារម្ភ ។
លោក ធុន ណាំតុង ប្រធានអង្គរភាពជលផលកណ្ដាលស្ទឹង ចំណុះឲ្យរដ្ឋបាលជលផល បានឲ្យដឹងកាលពីថ្ងៃទី២៣ ធ្នូ ម្សិលមិញថា ត្រីប្រហុកដែលជាប្រភេទត្រីល្អិតៗ បានកើនឡើងប្រមាណ៣០ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៤ កន្លងទៅ ប៉ុន្តែសម្រាប់ប្រភេទត្រីធំៗ ដូចជាត្រីឆ្កោក ត្រីប្រា ត្រីក្អែក និង ត្រីព្រួលជាដើម ដែលជាប្រភេទត្រីបំលាស់ទី មានការធ្លាក់ចុះគួរឲ្យព្រួយបារម្ភ ។
លោក បានពន្យល់ថា ការកើនឡើងទិន្នផលត្រីពិសេសត្រីប្រហុកឆ្នាំនេះ គឺដោយសារតែរដ្ឋបាលជលផលមានវិធានការតឹងរ៉ឹង ប្រឆាំងទប់ស្កាត់រាល់បទល្មើសនេសាទ និង ជាពិសេសនោះ ប្រជាពលរដ្ឋដែលធ្លាប់តែប្រព្រឹត្តបទល្មើសនេសាទបានភ្ញាក់រឭកដោយខ្លួនឯង ។ ចំណែកការធ្លាក់ចុះប្រភេទត្រីធំៗ គឺដោយសារកតា្តទឹកមានសីតុណ្ហភាពក្ដៅ កត្តាកាប់បំផ្លាញព្រៃលិចទឹក និង ការប្រើប្រាសថ្នាំគីមីបាញ់ទៅលើដំណាំ សម្រាប់ពលរដ្ឋ ដែលប្រកបរបរធ្វើស្រែចំការនៅតំបន់បឹង និង ទន្លេ ។
ជាមួយគ្នានេះ លោក ធុន ណាំតុង បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋ ពិសេសអ្នកនេសាទបញ្ឈប់ការប្រើប្រាស់ឧបករណ៍ល្មើស បញ្ឈប់ការកាប់រានដីព្រៃលិចទឹក ដែលជាទីជម្រកសម្រាប់ត្រីពងកូន ដើម្បីបង្កើនទិន្នផលត្រី សម្រាប់ឆ្លើយតបតម្រូវការហូបចុក ទាំងបច្ចុប្បន្ន និង ទៅអនាគត ៕
ប្រភព៖ ann.com.kh