ព្រះសីហនុ៖ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ នៅសាលាខេត្តព្រសីហនុ ឯកឧត្តមបណ្ឌិត សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់យុវជនដោយមានការចូលរួមពីសិក្ខាកាមប្រមាណ ១០០នាក់ ដែលមកពីក្រសួងបរិស្ថាន មន្ត្រីសាលាខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជា និងស្ថាប័នពាក់ព័ន្ធនានា ។
សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងដើម្បីបណ្តុះបណ្តាលពង្រឹងសមត្ថភាពក៏ដូចជាលើកកម្ពស់ការយល់ដឹងជូនថ្នាក់ដឹកនាំមន្ដ្រីរាជការ សាធារណជនទូទៅ ជាពិសេសយុវជន សិស្ស-និស្សិតអំពីបញ្ហាការប្រែប្រួលអាកាសធាតុ។
ឯកឧត្តមបណ្ឌិត សាយ សំអាល់ បានមានប្រសាសន៍ថាបញ្ហាការប្រែប្រួលអាកាសធាតុគឺជាបញ្ហាសកលដែលយើងទាំងអស់គ្នាត្រូវសិក្សាស្វែងយល់ និងចូលរួមក្នុងការបង្ការ និងទប់ស្តាត់ការប្រែប្រួលអាកាសធាតុ ។
ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្តទៀតថាដោយយល់ពីសារៈសំខាន់នៃការឆ្លើយតបទៅនឹងបញ្ហាប្រែប្រួលអាកាសធាតុ ក្រសួងបរិស្ថានបានខិតខំកៀរគរជំនួយសម្រាប់អនុវត្ដបណ្ដាគម្រោងបន្ស៊ាំ និងកាត់បន្ថយនានាទៅនឹងការប្រែប្រួលអាកាសធាតុនៅតាមបណ្ដាខេត្ដមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសតំបន់ឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជា។
ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថាតាមរយៈសិក្ខាសាលានេះ យុវជនដែលជាសិក្ខាកាមនឹងយល់ដឹងកាន់តែច្បាស់អំពីមូលហេតុ ផលប៉ះពាល់និងដំណោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ហើយប្រការនេះនឹងជួយរួមចំណែកគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធក្នុងការឆ្លើយតបទៅនឹងបញ្ហាការប្រែប្រួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តមបានថ្លែងអំរគុណយ៉ាងជ្រាលជ្រៅចំពោះតំណាងថ្នាក់ខេត្តនិងមន្ទីរដែលពាក់ព័ន្ធ សម្ព័ន្ធយុវជនកម្ពុជា សិស្សនិស្សិតដែលបានចួលរួមស្ដាប់រាល់ខ្លឹមសារសំខាន់ៗនៃអង្គសិក្ខាសាលាថ្ងៃនេះប្រកបដោយភាពស្និទ្ធស្នាលនិងការទទួលខុសត្រូវខ្ពស់៕ ដោយ មែន កំសត់