ភ្នំពេញ៖ យោងតាមសេក្តីប្រកាស របស់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ កាលពីម្សិលមិញនេះ បានឲ្យដឹងថា ចំនួនអ្នកធ្វើដំណើរឆ្លងកាត់អាកាសយន្តដ្ឋានអន្តរជាតិភ្នំពេញ កើនដល់ ៣ លាននាក់ហើយ នេះជាចំនួនខ្ពស់បំផុតនៃអ្នកធ្វើដំណើរឆ្លងកាត់ ជាប្រវត្តិសាស្ត្រក្នុងការបំបែកកំណត់ត្រាក្នុងឆ្នាំ ២០១៥ នេះ។
អ្នកដំណើរបង្គ្រប់នៃចំនួនអ្នកធ្វើដំណើរទី ៣លាននោះគឺ លោកស្រី គង់ ណាលៀប ដែលបានធ្វើដំណើរត្រលប់មកពី ទីក្រុងហុងកុង ប្រទេសចិន មកកាន់កម្ពុជាវិញ ហើយលោកស្រីក៏បានទទួលកាដូអនុស្សារីយ៍ផងដែរ។
តួលេខអ្នកធ្វើដំណើរចំនួន ៣លាននាក់នេះ គឺត្រូវបានបូកសរុបដោយអ្នកធ្វើដំណើរអន្តរជាតិ និងក្នុងស្រុកដែលបានធ្វើដំណើរមកដល់ និងចេញដំណើរពីអាកាសយាន្តដ្ឋានភ្នំពេញអន្តរជាតិ ដោយគិតចាប់តាំងពីដើមឆ្នាំ ២០១៥ មកម្លេះ។
លទ្ធផលសម្រេចបាននាពេលបច្ចុប្បន្ននេះ បានឆ្លុះបញ្ចាំងពី ភាពទាក់ទាញនៃវិស័យទេសចរណ៍ និងភាពរីកចម្រើននៃពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា ព្រមទាំងបង្ហាញពីសន្ទុះនៃការចរាចរដឹកអ្នកដំណើររបស់ព្រលានយន្តហោះភ្នំពេញអន្តរជាតិ ដែលមានកំណើនជិត ១៦ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ គួរជម្រាបថា កាលពីឆ្នាំ ២០១៤ អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ទទួលបានអ្នកដំណើរ ២លាន ៧សែននាក់៕