ភ្នំពេញ៖ ក្រសួងទេសចរណ៍ នឹងរៀបចំព្រឹត្តិការណ៍បុណ្យស្រូវលើកទី ១ (Paddy Art Festival 2016) ក្រោមប្រធានបទ “ស្រូវ ជីវិត វប្បធម៌ និងទេសចរណ៍” ដែលនឹងប្រព្រឹត្តធ្វើឡើង ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ នៅភូមិទឹកជោរ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នេះបើយោងតាមសេចក្ដីប្រកាស របស់ក្រសួងទេសចរណ៍។
ក្រោមការរៀបចំរបស់ក្រសួងទេសចរណ៍ រួមសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សាលាខេត្តបន្ទាយមានជ័យ និងទីភ្នាក់ងារជំរុញការវិនិយោគពាណិជ្ជកម្មកូរ៉េ (KOTRA) នឹងរៀបចំព្រឹត្តិការណ៍បុណ្យស្រូវជាលើកដំបូង ក្នុងគោលដៅដើម្បីជំរុញការផ្សព្វផ្សាយ សក្តានុពលកសិទេសចរណ៍ក្នុងតំបន់ទេសចរណ៍វប្បធម៌ និងធម្មជាតិ ទាក់ទាញទេសចរទៅទស្សនា និងរួមចំណែកបង្កើនប្រាក់ចំណូលដោយផ្ទាល់ដល់ប្រជាពលរដ្ឋក្នុងតំបន់។
ព្រឹត្តិការណ៍នេះ ផ្ដល់សារៈប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ពិសេសប្រជាជនរស់នៅក្នុងខេត្តបន្ទាយមានជ័យ និងភ្ញៀវទេសចរ បានស្វែងយល់ពីវប្បធម៌ ប្រពៃណី និងការបង្កបង្កើនផលធ្វើស្រែដូចជា ការភ្ជួររាស់ដី សាបព្រោះ ដកស្ទូង និងប្រមូលផលស្រូវជាដើម។
ក្នុងឱកាសបុណ្យស្រូវលើកទី ១ (Paddy Art Festival 2016) ក្រសួងនឹងរៀបចំកម្មវិធី ០៤សំខាន់ៗទៀតមានដូចជា៖ ១.ការរៀបចំសួនសិល្បៈ គំរូរូបភាពធ្វើពីចំបើង ២.ល្បែងកម្សាន្តបែបប្រពៃណីកម្ពុជា-កូរ៉េ ៣.ពិព័រណ៍ផលិតផលខ្មែរ ៤.ការសម្តែងសិល្បៈ និងការប្រគំតន្ត្រី ៕
ប្រភព៖ BusinessCambodia