សម្តេចតេជោ ហ៊ុន សែន ប្រកាសលុបចោល​ការយក​លុយ​ធ្វើដំណើរ​លើផ្លូវ​វេ​ង​ស្រេង

28-December-2015 | ដោយ មួយឡា

ភ្នំពេញ៖ ក្នុងឱកាសពិធី​ចែក​សញ្ញាបត្រ​ដល់​ និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និងវិទ្យាសាស្រ្ត​សេដ្ឋកិច្ច នៅ​ព្រឹក​ថ្ងៃទី ២៨ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានប្រកាស​ឈប់​យកលុយ​ថ្លៃ ធ្វើដំណើរលើផ្លូវ​វេ​ង​ស្រេង។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​ផ្តល់​កាដូ​ឆ្នាំ​ថ្មី នៅលើ Facebook របស់​សម្តេច ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាមផ្លូវ​វេ​ង​ស្រេង​ដោយបាន​បញ្ជា​ឲ្យ​បញ្ឈប់​ការយក​លុយ​ពី​រថយន្ត​គ្រួសារ​ដែល​រស់នៅ​តាមផ្លូវ​មួយ​នេះហើយ​សម្ដេច​បញ្ជា​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ ចុះ​ធ្វើ Sticker ជូន​បងប្អូន​ដោយ​ឥតគិតថ្លៃ​។

សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​នៅលើ Facebook យ៉ាង​ដូច្នេះ​ថា «​បងប្អូន​ដែល​រស់​នៅតាម​បណ្តោយ​ផ្លូវ​វែង​ស្រេង​ជាទី​ស្រឡាញ់​! ខ្ញុំ​ទើបបាន​ដឹង​រឿង​ដែល​រថយន្ត​គ្រួសារ​រស់នៅ​តាម​បណ្តោយ​ផ្លូវ​វែង​ស្រេង​ត្រូវ​ក្រុមហ៊ុន​យកប្រាក់ ១១០០​រៀល​ក្នុង​រថយន្ត​១​គ្រឿង ឬ ត្រូវ​បិទ sticker ក្នុងតម្លៃ​១៣២០០០​រៀល​ក្នុង​រថយន្ត​១​គ្រឿង នេះ​បើតាម​ការបញ្ជាក់​របស់​បងប្អូន​ដែល​បាន​ផ្ញើ​ព័ត៌មាន​ពិត​មកកាន់​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​គ (Facebook) របស់ខ្ញុំ​។

​ចំណែក​អាជ្ញាធរ​បញ្ជាក់ថា ៤០,០០០ រៀល​១​គ្រឿង ។ សំរាប់​ខ្ញុំ ទោះ​តម្លៃ​មួយណា​ក៏ដោយ​បងប្អូន​ដែល​មិនត្រូវ​បង់ថ្លៃ​ផ្លូវ​ឬ​បង់ថ្លៃ​ធ្វើ sticker នោះទេ​។ ខ្ញុំ​បាន​បញ្ជា​ឲ្យ​អភិបាល​រាជធានី​ចុះ​ធ្វើ ​Sticker ជូន​បងប្អូន​ដោយ​មិនចាំបាច់​បង់ប្រាក់​សំរាប់​រថយន្ត​គ្រួសារ ដែល​រស់​នៅតាម​បណ្តោយ​ផ្លូវ​និង​ស្ថិតក្នុង​តំបន់​ដែល​ក្រុមហ៊ុន​ធ្វើ​វិនិយោគ​។ បងប្អូន​ត្រូវបំពេញ​កាតព្វកិច្ច​បង់​ពន្ធ​ផ្លូវ​ជូន​រដ្ឋ​តាម​ការកំណត់​នៃ​ច្បាប់ តែ​មិនត្រូវ​បង់ថ្លៃ​ផ្លូវ​មុខផ្ទះ​បងប្អូន​នោះទេ​
​សាលា​រាជធានី​ភ្នំពេញ​ត្រូវ​ចាត់​កម្លាំង​ចុះ​ធ្វើ Sticker ជូន​បងប្អូន​ជាបន្ទាន់​។​

​សុំ​អរគុណ​បងប្អូន​ដែល​បានផ្តល់​ព័ត៌មាន​ពិត​ដល់​ខ្ញុំ អរគុណ​ចំពោះ​ក្រុមហ៊ុន​ដែល​បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​ការចាត់ការ​របស់​ខ្ញំ ហើយ​ខ្ញុំ​សូម​កោត​ស​សើរ ឯកឧត្តម ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​ដែល​បាន​ចាត់ការ​ភ្លាមៗ​តាម​បញ្ជា​របស់ខ្ញុំ ដើម្បី​ដោះស្រាយ​កង្វល់​របស់​ប្រជាជន​។

​សូមបញ្ជាក់ថា ខ្ញុំ​ទទួល​នឹង​ជួយ​ដោះស្រាយ​រឿង​ពិតប្រាកដ​ដែលជា​ទុក្ខ​កង្វល់​របស់​ប្រជាជន ខ្ញុំ​និង​ភរិយា​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ក្នុងឱកាស​ចូលឆ្នាំថ្មី ២០១៦​ដែល​នឹង​មកដល់​នាពេល​ខាងមុខនេះ សូម​ជួបប្រទះ​តែ​សេចក្តីសុខ​និង​សំណាងល្អ​គ្រប់គ្នា​។

​ខាងក្រោម​នេះ​ជា​សារ​របស់​ប្រជាពលរដ្ឋ ថ្លែងប្រាប់​ពី​បញ្ហា​មួយ​នេះ​ផ្ទាល់​ជូន​សម្តេច​តេ​ជោ​តាមរយៈ Facebook ៖
​សំណូមពរ​ប្រជាពលរដ្ឋ​៖ (​ខ្ញុំបាទ​ជា​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​សុំ​សម្តេច​ជួយ​ដោះស្រាយ​ផង ក្រុមហ៊ុន​សាងសង់​ផ្លូវ​បានកំណត់​យក​ថ្លៃ​ឆ្លងកាត់​សម្រាប់​ឡាន​គ្រួសារ​តម្លៃ ១១០០​រៀល​ដែល​ពីមុន​មិនមាន​ការយក​ទេ ។ ក្រុមហ៊ុន​អោយធ្វើ sticker បិទ​ដើម្បី​ចេញចូល​មិនបាច់​បង់ប្រាក់ ប៉ុន្តែ​តម្លៃ​នោះ​គឺ ១៣,២០០០​រៀល​ក្នុង​មួយឆ្នាំ​គឺ​ថ្លៃ​ជាង​បង់ពន្ធ​ផ្លូវ​ទៅទៀត​។ សូម​សម្តេច​ជួយ​ដោះស្រាយ​ផង​។​ដោយ​ក្តី​គោរព​ដ៏​ខ្ពង់ខ្ពស់​បំផុត ៕ ដោយ​មែន  កំសត់

ចំនួនអ្នកទស្សនា

    20559667

  • ថ្ងៃនេះ2061
  • ម្សិលមិញ14181
  • សប្តាហ៍នេះ2061
  • ខែនេះ117211
  • ឆ្នាំនេះ117211
  • សរុប20559667