ហាង​នំប៉័ង ​Tous Les Jours ផ្តល់​កាដូ​ជា​នំ​ខេ​ក និងនំប៉័ង​​ដល់​កុមារ​កំ​ព្រា​ជាង​២០០​​នាក់​​

28-December-2015 | ដោយ មួយឡា

ក្នុងឱកាស​បុណ្យ​គ្រី​ស្ទ​ម៉ាស​​ កាលពីពេល​ថ្មីៗ​នេះ ​ហាង​នំប៉័ងTous Les Jours បានផ្តល់​ជា​អំណោយ​នំ​ខេ​ក និង​នំប៉័ង​ដល់​កុមារកំព្រា និងកុមារ​អនាថាតាម​ចិញ្ចើមថ្នល់ជាង២០០​នាក់​នៅ អង្គការ​ផ្ទះបាយ​កុមារ ជា​អង្គ​ការដែល​ទទួល​ផ្តល់​ជា​អាហារ កន្លែង​សម្រាក ការអប់រំ ដល់​កុមារ​ទាំងនោះ​ស្ថិតនៅ​ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

​នេះ​ជា​កម្មវិធី​សប្បុរសធម៌​របស់​ហាង​នំប៉័ង Tous Les Jours  ដែល​ហៅថាការចូលរួម​បង្កើតគម្រោងសប្បុរសធម៌​សម្រាប់​ថ្ងៃបុណ្យ​គ្រី​ស្ទ​ម៉ាស ​។ គម្រោង​កម្មវិធី​សប្បុរសធម៌​របស់​ហាង​នំប៉័ង Tous Les Jours  សម្រាប់​ថ្ងៃបុណ្យ​គ្រី​ស្ទ​ម៉ាស ធ្វើឡើង​ក្នុង​គោលបំណងឲ្យ​អ្នក​ដែលមាន​បណ្តាញ​ហ្វេ​ស​បុករបស់​ផេ​ក Tous Les Jours  អាចមាន​ឱកាស​ចូលរួម​កម្មវិធី​សប្បុរសធម៌ ដោយ​ការចូលរួម​ផ្តល់យោបល់​ថា​តើ Tous Les Jours  គួរតែ​ផ្តល់​កាដូ​ដល់​ស្ថាប័ន ឬ​អង្គការ​ណា​ដែលមាន​កុមារ​​ខ្វះ​ភាពកក់ក្តៅ និង​កុមារ​អនាថា​ឬ​កំព្រា​ដែល មិន​មានការ​លទ្ធភាព​ទទួល​ការផ្គត់ផ្គង់គ្រប់គ្រាន់​ដូច​កុមារ​ទូទៅ​សម្រាប់​ ទិវា​បុណ្យ​គ្រី​ស្ទ​ម៉ាស។​



​គម្រោង​នេះ​បានប្រកាស​ធ្វើឡើង​តាំងពី​ថ្ងៃទី​មួយខែ​ធ្នូ​ រហូត​ដល់​ថ្ងៃទី​២១​ធ្នូ ក្នុង​ទំព័រ​ហ្វេ​ក​បុក​របស់ Tous Les Jours  (Tous Les Jours-Cambodia/facebook) ដោយ​ឲ្យ​អ្នក​ដែល​គាំទ្រ​ទំព័រ​ហ្វេ​ក​បុក​របស់ Tous Les Jours  ចូលរួម​ផ្តល់​មតិយោបល់ ប្រសិនជា​ហាង​នំប៉័ង Tous Les Jours  ផ្តល់​អំណោយ​ជា​កាដូ​សម្រាប់​ថ្ងៃបុណ្យ​គ្រី​ស្ទ​ម៉ាស ថា​តើ​អំណោយ​នោះ​គួរតែ​ផុ្ត​ល់​ទៅឲ្យ​អ្នកណា​សម្រាប់​ឱកាស​ថ្ងៃ​គ្រី​ស្ទ​ ម៉ាស​នេះ​។​




​កុមារ​ជាច្រើន​រយ​នាក់ គឺជា​កុមារ​ក្រីក្រ​យ៉ាងពិត​ប្រាកដ ដែល​ខ្លះ​រស់នៅ​តំបន់​អនាធិបតេយ្យ ខ្លះ​រើស​សំរាម​តាម​ផ្សារ តាម​កន្លែង​សាធារណៈ​ផ្សេងៗ ខ្លះ​ជា​កុមារ​អនាថា ខ្លះ​ជា​កុមារកំព្រា កុមារ​ខាត់​ស្បែកជើង​តាម​ចិញ្ចើមថ្នល់ ​ឬ​ហាង​គុយទាវ ខ្លះ​ជា​កុមារ​ដែល​រស់នៅ​តំបន់សំរាម​ស្ទឹងមានជ័យ និង​ខ្លះទៀត​កុមារ​ដែល​ជូតកញ្ចក់​ឡាន​តាម​សាធារណៈ និង​តាម​វត្ត​អារាម​ក្តីមិនដែល​ទទួលបាន​ភា​ព​កក់ក្តៅ និង​ការគាំទ្រ​ដូច​កុមារ​ដទៃ​ទូទៅ​នោះទេ​។​




លោក ង៉ូ​វ ឈី​វ ​ប្រធាន​អង្គការផ្ទះបាយកុមារ​បាន​មានប្រសាសន៍ថា​៖ «អង្គការ​ផ្ទះបាយ​កុមារ​ ជា​អង្គការ​មួយ​ដែល​ស្វែងរក​ជំនួយ​សប្បុរសធម៌​ដោយ​ខ្លួនឯង ​សម្រាប់​ផ្ត​ត់​ផ្គង់​ជា​អាហារ កន្លែង​សម្រាក និង​ការអប់រំ​ដល់​ក្មេងៗ​ទាំងនោះ​។ ​ក្មេង​អនាថា និង​កំព្រា​ប្រមាណ​២០០​ទៅ​២៥០​នាក់ តែង​តែមក​ទទួល​ការបរិភោគ​នៅ​អង្គការ​ផ្ទះបាយ​កុមារ​ជា​រៀងរាល់ថ្ងៃ​។ ទន្ទឹម​នឹង​បានទទួល​ចំណីអាហារ កុមារ​ទាំងអស់​ត្រូវ​ងូតទឹក​សម្អាត​ខ្លួនប្រាណ ស្នាក់អាស្រ័យ​ពេល​ថ្ងៃ លាងដៃ​មុន​ញ៉ាំ​អាហារ កាត់​ក្រចកដៃ​ក្រចកជើង កាត់សក់ ​អាន​សៀវភៅ មើល​ទូរទស្សន៍ មិនតែប៉ុណ្ណោះ​ពួកគេ​ក៏មាន​ឱកាស​ទទួល​ការអប់រំ​ទូទៅ និង​សិល្បៈ​ផងដែរ​។ ​លោក​បន្ត​ទាំង​អួលដើមកទៀតថា ​ក្មេង​ដែល​ភាគច្រើន​នៅទីនេះ​គឺ​ភាគច្រើន​ជា​អ្នក​រកលុយ​ចិញ្ចឹម​ឪពុកម្តាយ រឺ​បងប្អូន​ហើយ​ក្មេងៗ​ទាំងនេះ​គ្មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​រៀនសូត្រ  ។​




​ការ​ស្វះស្វែង ការខិតខំ​ប្រឹងប្រែងរ​បស់​អង្គការ​តែឯង មិនបាន​ជួយ​ដល់​កុមារកំព្រា និង​អនាថា​ទាំងនោះ​ ឲ្យបាន​ភាពកក់ក្តៅ​ និង​ការគាំទ្រ​ទាំងស្រុង​នោះទេ​។ ​កុមារ​ទាំងនេះ ត្រូវការ​យ៉ាង​ចាំបាច់ ​នូវ​ការជួយ​គាំទ្រ​ទាំង​ស្មារតី សម្ភារ និង​ថវិកា ពី​សប្បុរជន​ជាតិ និង​អន្តរជាតិ​បន្ថែមទៀត​។​




​ដោយឡែក​ហាង​នំប៉័ង​Tous Les Jours​ តែងតែ​ស្វាគមន៍ និង​ចូលរួម​រាល់​គ្រប់​កម្ម​វី​ធី​សប្បុរសធម៌​ជាពិសេស កម្មវិធី​ដែល​ជួយ​ផ្គត់ផ្គង់​ដល់​កុមារ​ក្រីក្រ និង​កុមារ​អនាថា ត្បិត​ថា​មិនបាន​ជួយ​បាន​ទាំងអស់​ក៏ពិតមែន តែ​នេះ​ជាការ​ចូលរួម​មួយចំណែក​​តូច​ក្នុងការ​ផ្ត​ត់​ផ្គង់​កុមារ​ដែល​ ក្រីក្រ​ពិតប្រាកដ និង​កុមារ​អនាថា​ជាដើម​៕

ប្រភព៖ thmeythmey

ចំនួនអ្នកទស្សនា

    21232527

  • ថ្ងៃនេះ601
  • ម្សិលមិញ4831
  • សប្តាហ៍នេះ601
  • ខែនេះ5441
  • ឆ្នាំនេះ790071
  • សរុប21232527