បាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអមដំណើរដោយឯកឧត្តម ច័ន្ទ សុផល អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅវេលាម៉ោង១២និង១៥ នាទី ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៥ បានអញ្ជើញចុះមកសាកសួរសុខទុក្ខលោកតា គង់ ស្រ៊ុន អាយុ ៩១ឆ្នាំ ជាអតីតអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបាត់ដំបង (អភិបាលរងខេត្ត) ចន្លោះក្នុងឆ្នាំ ១៩៨១ ដល់ឆ្នាំ ១៩៩១ ក្នុងរបបរដ្ឋកម្ពុជា ។
បន្ថែមពីលើការអញ្ជើញសាកសួរសុខទុក្ខនេះ ក៏បាននាំយកថវិកាចំនួន ២០០០ ដុល្លា ទៅប្រគល់ជូនលោកតា គង់ ស្រ៊ុន ផងដែរ ។ នេះគឺជាការយកចិត្តទុកដាក់របស់សម្ដេចក្រឡាហោម ស ខេង ចំពោះអតីតមន្ត្រីចាស់ៗដែលចូលនិវត្តន៍កន្លងមក ។
លោកតា គង់ ស្រ៊ុន ក៏ដូចជាក្រុមគ្រួសារមានក្ដីរំភើបចិត្តរីករាយឥតឧបមា ចំពោះការយកចិត្តទុកដាក់របស់សម្ដេចក្រឡាហោម ដែលបានអញ្ជើញមកសាកសួរសុខទុក្ខលោកតាដល់គេហដ្ឋានតែម្ដង និងបានគោរពថ្លែងអំណរគុណចំពោះសម្ដេច និងសូមគោរពជូនពរសម្ដេច និង លោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុស ចៅស្រី ជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ មែន កំសត់